កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងចាប់ផ្តើមដំណើរការនៅត្រីមាសទី៣ឆ្នាំនេះ
ដោយៈ គង់ សូរិយា ភ្នំពេញៈ ប្រសិនជាគ្មានការប្រែប្រួលទេនោះ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទី៣ ឆ្នាំ២០២៤ សម្រាប់បម្រើជាច្រកសម្រាប់នាវាទេសចរណ៍ ដែលតភ្ជាប់ប្រទេសថៃ និងវៀតណាមជាមួយកម្ពុជា។ ការសាងសង់កំពង់ផែនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីរបស់ ADB ចំនួនជាង១០លានដុល្លារ ដែលជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅក្នុងមហាអនុតំបន់មេគង្គ (GMS)។ បច្ចុប្បន្នភាពទាក់ទង នឹងការដាក់ឱ្យដំណើរការនេះ ត្រូវបានផ្តល់ដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការលើកឡើងជុំវិញ ការពន្យារពេលក្នុងការបើកកំពង់ផែសម្រាប់ប្រតិបត្តិការ។ លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា កំពង់ផែមិនទាន់អាចបើកដំណើរការឱ្យបានឆាប់ គឺដោយសារការពន្យារពេល ក្នុងការជ្រើសរើសក្រុមហ៊ុន សម្រាប់ប្រតិបត្តិការកំពង់ផែនេះ ក្រោមក្របខ័ណ្ឌភាពជាដៃគូរដ្ឋនិងឯកជន ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង ADB…