ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែត បានយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្តែងសុទិដ្ឋិនិយមថា កម្ពុជានឹងបន្តទទួលបានវិនិយោគប្រភេទឧស្សាហកម្ម ផ្អែកលើជំនាញជាបន្តបន្ទាប់ ហើយកម្ពុជាក៏ត្រូវបន្ដអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគផងដែរ។
សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធរោងចក្រដំឡើងរថយន្ត Toyota នាព្រឹកថ្ងៃទី២ ឧសភាកន្លងមកនេះ។
សម្តេចបានបញ្ជាក់ថា “ខ្ញុំពិតជាមានសុទិដ្ឋិនិយម និងក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាមួយនឹងធនធានមនុស្ស និងកម្លាំងពលកម្មជំនាញវ័យក្មេងប្រកបដោយចីរភាពរបស់កម្ពុជា និងភាពទាក់ទាញនៃការវិនិយោគកម្ពុជា យើងនឹងបន្តទទួលបានវិនិយោគ ប្រភេទឧស្សាហកម្មផ្អែកលើជំនាញនេះជាបន្តបន្ទាប់”។
សម្តេចបានបន្ថែមថា កម្ពុជាក៏ត្រូវបន្ដអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ដែលបម្រើទៅដល់ការវិនិយោគ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយជំនាញ ស្របតាមតម្រូវការទីផ្សារពលកម្មជាបន្តឥតដាច់ផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតីបានលើកឡើង ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ គឺការជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥។
ចក្ខុវិស័យនេះមានគោលដៅរួមចំណែក ដល់ការបង្កើតតម្លៃបន្ថែមខ្ពស់ ដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលសមស្រប និងជីវភាពកាន់តែប្រសើរឡើងជូនដល់ប្រជាពលរដ្ឋ។
កម្ពុជាបានកំណត់ចក្ខុវិស័យ ក្នុងការប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលផ្តុំ សកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក។
សម្តេចធិបតីបានបញ្ចាក់ថា “ការសម្រេចបានចក្ខុវិស័យនេះ នឹងនាំមកជាផ្លែផ្កាវិជ្ជមានជាច្រើន សម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា”។
លោក Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងក្នុងពិធីនោះថា រោងចក្រតូយ៉ូតានេះ ពិតជានឹងរួមចំណែកទាំងការធ្វើពិពិធកម្ម និងទំនើបកម្មនៃឧស្សាហកម្មកម្មន្តសាល នៅក្នុងប្រទេសកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកបង្ហាញសង្ឃឹមថា បុគ្គលិកកម្ពុជាទាំងអស់ ដែលបានទទួលការបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ នឹងរួមចំណែកជួយឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលកម្មន្តសាល នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕