ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អ្នកជំនាញការកូរ៉េ មកពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសកូរ៉េ(KOICA) បានជួយក្រសួងពាណិជ្ជកម្មលើការចុះសិក្សាគម្រោងស្តីពី “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា”។
ពិធីប្រកាសបិទគំរោងនេះបានធ្វើឡើងក្រោមអធិបតីភាព លោកអ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោកស្រី CHOI Moon Jung នាយិកាKOICA ប្រចាំប្រទេសកម្ពុជានិងមន្រ្តីពាក់ព័ន្ឋ។

លោកស្រីCHOI Moon Jung បានថ្លែងអំណរគុណចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋានពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងសម្របសម្រួលដល់ជំនាញការរបស់ KOICA ក្នុងការចុះសិក្សាគម្រោងខាងលើ និងការជួបប្រជុំពិភាក្សា រវាងជំនាញការកូរ៉េជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ក៏ដូចជាភ្នាក់ងារស្របច្បាប់តំណាងម្ចាស់ម៉ាកផងដែរ។
លោកស្រីបន្ថែមថា គម្រោងនេះជួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសេវាឌីជីថលចុះបញ្ជីម៉ាក និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់កម្ពុជា ការលើកកម្ពស់ការចុះបញ្ជីម៉ាក ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា។
ជាមួយគ្នានេះ លោកអ៊ុក ប្រជា បានថ្លែងអំណរគុណ ជំនាញការកូរ៉េ មន្ត្រីជំនាញនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការរួមគ្នាពិភាក្សា និងគាំទ្រដល់ការចុះធ្វើការសិក្សា លើគម្រោងខាងលើនេះ ប្រកបដោយភាពជោគជ័យ។
លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនានា ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនសាធារណជន សំដៅធានាបានការផ្តល់សេវាមានភាពរហ័ស ចំណាយពេលវេលាតិច កាត់បន្ថយចំណាយ និងមានតម្លាភាព៕