ធនាគារជាតិនៃកម្ពុជា សហការជាមួយធនាគារហ្សកហ្ស៊ី ក្នុងការចែករំលែកចំណេះដឹង និងបច្ចេកទេស

ដោយៈ ម៉ាលីនណា

អន្តរជាតិៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Natela Turnava ទេសាភិបាលស្តីទី ធនាគារជាតិនៃហ៊្សកហ្ស៊ី បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគី នៅទីក្រុងប៊ីលីស៊ី ប្រទេសហ៊្សកហ្ស៊ីកាលពីចុងសប្តាហ៍មុន។

នេះជាលើកដំបូង ដែលធនាគារកណ្តាលទាំងពីរ បានចាប់ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបានចុះអនុស្សរណៈយោគយល់ ក្នុងគោលបំណង បង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងនោះរួមមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការងារបច្ចេកទេសរបស់ធនាគារកណ្តាល។

ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា ផ្លាស់ប្តូរទស្សនៈលើស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យធនាគារ នយោបាយរូបិយវត្ថុនិងស្ថិរភាពហិរញ្ញវត្ថុ ចីរភាពហិរញ្ញវត្ថុ ព្រមទាំងបានកំណត់ទិសដៅកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលអនាគត។

ឆ្លងតាមកិច្ចពិភាក្សា ធនាគារជាតិនៃហ៊្សកហ្ស៊ី បានទទួលជោគជ័យ ក្នុងការកាត់បន្ថយដុល្លារូបនីយកម្ម ប្រកបដោយជោគជ័យក្នុង រយៈពេលជាង១០ឆ្នាំនេះ ដែលបទពិសោធន៍នេះ នឹងជួយជាធាតុចូលដល់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនាពេលខាងមុខ។

ស្របពេលជាមួយគ្នានេះ ភាគីធនាគារជាតិនៃហ៊្សកហ្ស៊ី បានស្នើធនាគារជាតិនៃកម្ពុជា ចែករំលែកបទពិសោធន៍លើការអភិវឌ្ឍប្រព័ន្ធទូទាត់ តាមរយៈការបង្កើតប្រព័ន្ធស្តង់ដារឃ្យូអរកូត និងការទូទាត់ឆ្លងដែនជាដើម។

ភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀនសូត្រពីគ្នាទៅវិញទៅមកបន្តទៀត។ប្រទេសហ៊្សកហ្ស៊ី គឺជាប្រទេសមួយស្ថិតនៅតំបន់ កូកាស៊ីស ពោលគឺនៅចំណុចប្រសព្វ នៃតំបន់អឺរ៉ុបខាងកើត និងអាស៊ីខាងលិច៕