ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជារំពឹងថា នឹងចំណេញថ្លៃដឹកជញ្ជូនបានប្រមាណ៨៨លានដុល្លារក្នុងមួយឆ្នាំ ពីការដឹកជញ្ជូនតាមព្រែកជីកហ្វូណន-តេជោ នៅឆ្នាំ២០៥០ និងឈានដល់៥៧០ លានដុល្លារក្នុងមួយឆ្នាំនៅពេលបន្តទៅមុខទៀត។
លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ ក្នុងអំឡុងពេលធ្វើបាឋកថាស្តីពី គម្រោងព្រែកជីកហ្វូណន-តេជោ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងផែនការ រួមទាំងសមិទ្ធផលសំខាន់ៗរបស់រាជ រដ្ឋាភិបាលអាណត្តិទី៧កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា ផ្អែកលើការគណនាEIRR គម្រោងនេះត្រូវបានគេរំពឹងថា នឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដល់សេដ្ឋកិច្ចកម្ពុជា ដូចជា អត្រាការងារ ចំណូលថវិកាជាតិបានមកពីពន្ធ នគរូបនីយកម្ម សំណង់ និងអចលនទ្រព្យ។
ទន្ទឹមនឹងនេះ លោកបានគូសបញ្ជាក់បន្ថែម អំពីលទ្ធភាពហិរញ្ញវត្ថុ នៃគម្រោងព្រែកជីកហ្វូណន-តេជោផងដែរ។ លោកបានចង្អុលបង្ហាញថា សម្រាប់គម្រោងទាំងអស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬធនាគារពិភពលោក គ្រាន់តែផ្តល់មូលនិធិតែប៉ុណ្ណោះ ប្រសិនបើការគណនា EIRR មានយ៉ាងហោចណាស់១២% ។ ទោះយ៉ាងណាក៏ដោយ សម្រាប់គម្រោងនេះEIRR គឺមានប្រមាណ៣០% ដែលនេះមិនធ្លាប់មានពីមុនមក ដែលជាសក្ខីភាពចំពោះទស្សនវិស័យហិរញ្ញវត្ថុដ៏រឹងមាំរបស់វា។
លោកក៏បានលើកឡើង ពីអត្ថប្រយោជន៍បន្ថែម ដែលនឹងទទួលបានពីគម្រោងព្រែកជីកហ្វូណន-តេជោ រួមមាន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលដឹកជញ្ជូន ការអភិវឌ្ឍន៍ផ្កាយរណបថ្មី ការពង្រីកតំបន់អភិវឌ្ឍន៍សម្រាប់កសិកម្ម ប្រព័ន្ធធារាសាស្រ្ត វារីវប្បកម្ម និងការចិញ្ចឹមសត្វ និងការអភិវឌ្ឍន៍តំបន់ប៉ូលសេដ្ឋកិច្ចទីបួនរបស់កម្ពុជា។
អត្ថប្រយោជន៍ដ៏ទូលំទូលាយទាំងនេះ បញ្ជាក់ពីសក្តានុពលរបស់គម្រោង ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា អោយឈានដល់កម្រិតខ្ពស់មួយផ្សេងទៀត។គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រនៃប្រទេសកម្ពុជា ដែលមានប្រវែងប្រហែល១៨០ គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប។
គម្រោងនេះ ត្រូវបានគេរំពឹងថា នឹងចំណាយថវិការអស់ប្រហែល ១៧០០ លានដុល្លារ ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ដោយប្រើរយៈពេលប្រមាណ២៦ខែ៕