កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្រោងចាប់ផ្តើមដំណើរការនៅត្រីមាសទី៣ឆ្នាំនេះ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ប្រសិនជាគ្មានការប្រែប្រួលទេនោះ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងចាប់ផ្តើមប្រតិបត្តិការនៅត្រីមាសទី៣ ឆ្នាំ២០២៤ សម្រាប់បម្រើជាច្រកសម្រាប់នាវាទេសចរណ៍ ដែលតភ្ជាប់ប្រទេសថៃ និងវៀតណាមជាមួយកម្ពុជា។

ការសាងសង់កំពង់ផែនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់កម្ចីរបស់ ADB ចំនួនជាង១០លានដុល្លារ ដែលជាផ្នែកនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅក្នុងមហាអនុតំបន់មេគង្គ (GMS)។

បច្ចុប្បន្នភាពទាក់ទង នឹងការដាក់ឱ្យដំណើរការនេះ ត្រូវបានផ្តល់ដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានការលើកឡើងជុំវិញ ការពន្យារពេលក្នុងការបើកកំពង់ផែសម្រាប់ប្រតិបត្តិការ។

លោក ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា កំពង់ផែមិនទាន់អាចបើកដំណើរការឱ្យបានឆាប់ គឺដោយសារការពន្យារពេល ក្នុងការជ្រើសរើសក្រុមហ៊ុន សម្រាប់ប្រតិបត្តិការកំពង់ផែនេះ ក្រោមក្របខ័ណ្ឌភាពជាដៃគូរដ្ឋនិងឯកជន ដោយផ្អែកលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង ADB ។

លោកបានបន្តថា “កំពង់ផែនេះនឹងរួមចំណែក ដល់សេដ្ឋកិច្ចរបស់ខេត្តនៅពេលដំណើរការ”។

លោកបានបន្តថា “នៅពេលចាប់ផ្តើមដំណើរការ កំពង់ផែនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា ការបង្កើតកំពង់ផែសមុទ្រអន្តរជាតិថ្មី សម្រាប់ប្រទេស ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ផ្តល់ឱកាសការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាជន និងសហគ្រាសក្នុងស្រុក”។

លោកប៉េង ពោធ៍នា បានបន្ថែមថា វាក៏ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។ លោករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីធានាបាននូវនិរន្តរភាពនៃកំពង់ផែ ការងារបន្ថែមទៀត ទាក់ទងនឹងការជីកផ្លូវទឹកកាន់តែជ្រៅ និងកាន់តែទូលំទូលាយ ការដំឡើងឧបករណ៍ជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព នឹងត្រូវបញ្ចប់មុនពេលបើកដំណើរការ។

លោកបានបញ្ជាក់ថា “វិធានការទាំងនេះនឹងធានាថា កំពង់ផែទេសចរណ៍ត្រូវតាមស្តង់ដារបច្ចេកទេសអន្តរជាតិ”។ ដោយស្ថិតនៅក្នុងខេត្តជាប់មាត់សមុទ្រ កំពង់ផែនេះនឹងក្លាយជាផ្លូវទឹកអន្តរជាតិដ៏សំខាន់ សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ ទៅកាន់កោះភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតទៅកាន់ពិភពលោក ដោយជំរុញវិស័យទេសចរណ៍ក្នុងស្រុក។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បាននិយាយថា កំពង់ផែនេះនឹងដើរតួយ៉ាងសំខាន់ ក្នុងការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តនេះ។ លោកបញ្ជាក់ថា “កំពង់ផែនេះនឹងជួយសម្រួល ដល់ការធ្វើដំណើរតាមឆ្នេរសមុទ្រកម្ពុជា និងអាចឱ្យនាវាទេសចរណ៍មកពីប្រទេសជិតខាង ដូចជា វៀតណាម ថៃ ចូលចតកំពង់ផែនេះដែរ៕

ផ្ដល់សិទ្ធិដោយ: Property Area