ក្រសួងរៀបចំក្របខ័ណ្ឌគោលនយោបាយពាណិជ្ជកម្មឆ្ពោះទៅឆ្នាំ២០៣០ ដោយផ្តោតលើសរសរស្តម្ភចំនួន៦
ដោយៈ និស្ស័យ ភ្នំពេញៈ លោកកឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ បានបើកកិច្ចប្រជុំ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តជាគោលការណ៍ លើឯកសារទស្សនទាននៃសសរស្តម្ភទាំង៦ នៃក្របខណ្ឌគោលនយោបាយ ពាណិជ្ជកម្មកម្ពុជា និងរៀបចំតារាងកាលវិភាគការងារ និងសមាសភាពរបស់ក្រុមការងារតាមសសរស្តម្ភនីមួយៗ មុននឹងធ្វើការពិគ្រោះយោបល់ជាមួយអន្តរក្រសួង -ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។ ក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ មានគោលបំណងបង្កើតជាយុទ្ធសាស្ត្រ និងទិសដៅនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យពាណិជ្ជកម្មនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។ បន្ថែមពីនេះ ក្របខ័ណ្ឌគោលនយោបាយនេះ ក៏មានគោលដៅជំរុញ និងពន្លឿនកំណើនសេដ្ឋកិច្ច តាមរយៈការកែលម្អបរិយាកាសពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម រក្សាទីផ្សារចាស់និងពង្រីកទីផ្សារថ្មី និងជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមវិស័យគោលដៅ…