ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសពីការផ្ដួចផ្ដើមគំនិត ក្នុងការបង្កើតនូវមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមដោយផ្ទាល់ទាំងអស់គ្នា។
តាមរយៈសេចក្ដីថ្លែងការណ៍ បង្ហាញអំពីសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការកសាងផ្លូវនៅតាមបណ្ដោយព្រំដែន ជាមួយមូលនិធិនេះផងដែរ។
សម្ដេចធិបតីបានបញ្ជាក់ថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដែលជាគំនិតផ្ដួចផ្ដើមដោយផ្ទាល់របស់សម្ដេចនៅពេលនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានចូលរួម ដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។
សម្ដេចធិបតីបានបញ្ជាក់ថា “ខ្ញុំបានសម្រេចផ្ដួចផ្ដើមបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដោយព្រំដែន ដែលមានគោលដៅពីរ”។
ទី១ កៀរគរថវិកាបន្ថែម និងទី២ ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស បានចូលរួមដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ នៅតាមបណ្ដោយព្រំដែន ដោយផ្ដោតការយកចិត្តទុកដាក់ ទៅលើផ្លូវក្រវាត់ព្រំដែន។
សម្តេចបញ្ជាក់ថា “ខ្ញុំសូមយកឱកាសនេះ ដើម្បីអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នា កសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង”។
ជាមួយគ្នានេះ សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវតាមបណ្តោយព្រំដេន ជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាម កសាងផ្លូវបាន៦៨៦.៩៦គីឡូម៉ែត្រ លើផែនការសរុប១០៦៦គីឡូម៉ែត្រ។
បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បន្ដឆ្លើយតបជាមួយក្ដីកង្វល់ របស់ប្រជាពលរដ្ឋអំពី ការអភិវឌ្ឍខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដោយចាត់ទុកថា ការផ្ដួចផ្ដើមគំនិត បង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលផ្ដោតសំខាន់លើការកសាង ផ្លូវក្រវាត់ព្រំដែន និងផ្ដល់ដីឲ្យប្រជាពលរដ្ឋ ទៅរស់នៅកាន់តែច្រើន ក៏ដូចជាការពង្រាយ មន្ដ្រីបច្ចេកទេសកសិកម្ម គឺជួយបង្កើតជាសហថាមពល ក្នុងការអភិវឌ្ឍខេត្តទាំង៤នេះតែម្ដង។
លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរៀបចំកម្មវិធីចំនួន២បន្ថែមទៀត គឺកម្មវិធីដំណើរកម្សាន្ដដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្ដាហ៍ ចាប់ផ្ដើមអនុវត្តនៅខែកញ្ញា រហូតចុងឆ្នាំ២០២៤ ដើម្បីឲ្យប្រជាពលរដ្ឋ ពិសេសយុវជនបានឃើញជាក់ស្ដែង នូវផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍ។
សម្ដេចបានសង្កត់ធ្ងន់ទៀតថា “រាជរដ្ឋាភិបាលសូមធានាថា អធិបតេយ្យភាព បូរណភាពទឹកដី ការអភិវឌ្ឍប្រទេសជាតិក្នុងបុព្វហេតុជាតិ និងប្រជាជន ជាគោលដៅ និងជាការប្តេជ្ញាចិត្តដ៏ធំបំផុតរបស់រាជរដ្ឋាភិបាល”៕