ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រៀមជួយកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន
ដោយ: គង់ លាងហួរ ភ្នំពេញ: លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្វែងរកកិច្ចសហការពីក្រុមហ៊ុន Huawei Technologies ដើម្បីជំរុញគំនិតផ្តួចផ្តើម វិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។ លោករដ្ឋមន្ត្រីបានជួបជាមួយលោក Tao Guangyao នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. នៅថ្ងៃច័ន្ទ ទី៦ ខែឧសភា ដោយលោកបានបង្ហាញពីចក្ខុវិស័យ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង សហការគ្នារវាងក្រសួង និងក្រុមហ៊ុន Huawei ជាពិសេសក្នុងការជំរុញ គំនិតផ្តួចផ្តើមទេសចរណ៍ឌីជីថល។ ជាការឆ្លើយតប លោក Tao Guangyao បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម របស់ក្រសួងទេសចរណ៍ និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។…