ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ត្រៀមជួយកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ ឱ្យកាន់តែរីកចម្រើន

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្វែងរកកិច្ចសហការពីក្រុមហ៊ុន Huawei Technologies ដើម្បីជំរុញគំនិតផ្តួចផ្តើម វិស័យទេសចរណ៍ឌីជីថលនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង។


លោករដ្ឋមន្ត្រីបានជួបជាមួយលោក Tao Guangyao នាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies (Cambodia) Co., Ltd. នៅថ្ងៃច័ន្ទ ទី៦ ខែឧសភា ដោយលោកបានបង្ហាញពីចក្ខុវិស័យ ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង សហការគ្នារវាងក្រសួង និងក្រុមហ៊ុន Huawei ជាពិសេសក្នុងការជំរុញ គំនិតផ្តួចផ្តើមទេសចរណ៍ឌីជីថល។


ជាការឆ្លើយតប លោក Tao Guangyao បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្ម របស់ក្រសួងទេសចរណ៍ និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹង ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។


វិស័យទេសចរណ៍ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភសំខាន់ៗទាំង៤ ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច របស់ប្រទេ សកម្ពុជា។


យោងតាមរបាយការណ៍ថ្មី ចុងក្រោយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរណ៍ អន្តរជាតិសរុបចំនួន១,៥៨លាននាក់នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កើនឡើង២២,៥ភាគរយ បើធៀបនឹងចំនួន១,២៩លាននាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។


ប្រទេសកម្ពុជាមានភាពល្បីល្បាញខ្លាំង ដោយសារតំបន់បេតិក ភណ្ឌពិភពលោកចំនួន៤ រួមមាន ឧទ្យានបុរាណវិទ្យាអង្គរនៅភាគពាយព្យខេត្តសៀមរាប តំបន់ប្រាសាទសំបូរព្រៃគុក នៅខេត្តកំពង់ធំ ព្រមទាំងប្រាសាទព្រះវិហារ និងឧទ្យានបុរាណវត្ថុកោះកេរ នៅភាគពាយ័ព្យនៃខេត្តព្រះវិហារ។


ក្រៅពីនេះ ប្រទេសកម្ពុជាមានឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតមួយ ដែលលាតសន្ធឹង ប្រវែងប្រហែល៤៥០គីឡូម៉ែត្រ ក្នុងខេត្តភាគនិរតីចំនួន៤ គឺខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង៕

ប្រភព: Xinhua / ផ្ដល់សិទ្ធិដោយ: Property Area