ឈ្វេងយល់ពីការត្រូវបានទទួលការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ
ដោយ៖ស-សម្បត្តិ ការប្រមូលពន្ធអាករគ្រប់ប្រភេទ តែងតែមានការអនុគ្រោះ និង/ឬលើកលែងពន្ធ ដើម្បីជាការលើកទឹកចិត្ត និងបញ្ចៀសផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់លោក ង៉ែត លាភ អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកម្មវីធី “ពន្ធដារកម្ពុជា” ដែលធ្វើការផ្សាយផ្ទាល់នៅលើទំព័រហេ្វសប៊ុកផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ ដោយមានការចូលរួមពីលោក ជួប ចាន់ដារ៉ា អនុប្រធានការិយាល័យនៃនាយកដ្ឋានចលនទ្រព្យ និងអចលនទ្រព្យ ផងដែរ។ លោកអនុប្រធាននាយកដ្ឋានបានបន្ថែមទៀតថា ជាក់ស្ដែងចំពោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ និងសិទ្ធិកាន់កាប់ចលនទ្រព្យ និងអចលនទ្រព្យ មានការលើកលែងនិងការអនុគ្រោះជាច្រើនដូចខាងក្រោម៖ ករណីលើកលែងពន្ធ ក. ដីសម្បទានសេដ្ឋកិច្ច ឬសង្គមកិច្ចដល់ជនក្រីក្រសង់លំនៅឋាន ឬ/និងធ្វើកសិ-ឧស្សាហកម្ម ឬកសិកម្មសលក្ខណៈគ្រួសារ។…