ធនាគារពិភពលោក: សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៤ និង៦,១ភាគរយនៅឆ្នាំ២០២៥
ភ្នំពេញ៖ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានរក្សាការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៤ កើនឡើងពី៥,៤ភាគរយក្នុងឆ្នាំ២០២៣។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិកម្ម ក៏ដូចជាវិស័យសំណង់ និងអចលនទ្រព្យផងដែរ។ ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក និងស្វាយជាដើម។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅថ្ងៃច័ន្ទ ទី១ ខែមេសានេះ លោក Aaditya Mattoo ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា “ការស្ទុះងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចកម្ពុជា ស្របពេលដែលពាណិជ្ជកម្មសកលស្ទុះងើបឡើងវិញ”។ លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន អាចជួយសម្រួលលំហូរវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិនចូលមកកម្ពុជា…