ទីក្រុងបណ្តែតទឹកដំបូងគេបង្អស់របស់ពិភពលោក ក្នុងប្រទេសម៉ាល់ឌីវ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ខាងមុខ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងបណ្តែតទឹកដំបូងគេបង្អស់ របស់ពិភពលោក ស្ថិតក្នុងប្រទេសដែនកោះម៉ាល់ឌីវ (Maldives) កំពុងចាប់ផ្តើមលេចរូបរាងឡើងជាបណ្តើរៗ នៅលើផ្ទៃទឹកពណ៌ខៀវនៃមហាសមុទ្រឥណ្ឌា។

យោងតាមរូបភាពពីផ្កាយរណបរបស់ក្រុមហ៊ុន Maxar Technologies ដែលផ្តល់ជូនផ្តាច់មុខទៅឱ្យកាសែត Newsweek បានបង្ហាញឱ្យឃើញពីវឌ្ឍនភាព នៃការសាងសង់ទីក្រុងបណ្តែតទឹក Maldives ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៧ ខាងមុខ។

រដ្ឋាភិបាលម៉ាល់ឌីវ បានដាក់ចេញគំនិតផ្តួចផ្តើម “ទីក្រុងកោះ”ដោយសហការគ្នា ជាមួយក្រុមហ៊ុនស្ថាបត្យកម្មហូឡង់ Waterstudio ខណៈទីក្រុងមួយនេះ កំពុងបង្អួតសម្រស់នៅក្នុងបឹងទឹកប្រៃមួយ ដែលត្រូវចំណាយ ពេលប្រហែល១០នាទី ធ្វើដំណើរតាមទូកពីរដ្ឋធានី Male ។

ទីក្រុងបណ្តែតទឹកនេះ កំពុងត្រូវបានសាងសង់ឡើង ដើម្បីបម្រុងទុកជាដំណោះស្រាយមួយ ចំពោះបញ្ហាជាក់ស្តែង ដែលប្រទេ សម៉ាល់ឌីវកំពុងប្រឈមមុខ ខណៈប្រទេសដែនកោះដ៏តូចមួយនេះ មានកម្ពស់ជាមធ្យម ត្រឹមតែ៥ហ្វីតប៉ុណ្ណោះពីលើនីវ៉ូទឹកសមុទ្រ។

លោក Koen Olthuis ដែលជាស្ថាបត្យករនាំមុខគេនៃគម្រោងនេះ បានថ្លែងប្រាប់កាសែត Newsweek ថា “មនុស្សនឹងចាប់ផ្តើមទៅរស់នៅទីក្រុងបណ្តែតទឹកនេះ ក្នុងរយៈពេល១៤ខែខាងមុខ។ យើងបានពន្យារពេលបន្តិច ដោយសារតែការប្រជែងផលប្រយោជន៍សេដ្ឋកិច្ចរវាងឥណ្ឌា និងចិន។ ប៉ុន្តែ ពេលនេះ ដំណាក់កាលនៃការសាងសង់ កំពុងបោះពួយទៅមុខយ៉ាងលឿន។

ទីក្រុងបណ្តែតទឹកនេះ នឹងមានអ្នកស្រុករស់នៅប្រហែល២០.០០០នាក់ នៅក្នុងផ្ទះចំនួន៥.០០០ខ្នង ហើយប្រជាជននឹងត្រូវប្រើប្រាស់ទូក ជំនួសរថយន្ត ជាមធ្យោបាយសំខាន់សម្រាប់ការធ្វើដំណើរឆ្លងកាត់ទាំងកោះ និងរវាងដីគោក៕

ប្រភព:Newsweek៕

ផ្ដល់សិទ្ធិដោយ: Property Area