ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Telegram បានក្លាយជាវេទិកា បណ្ដាញទំនាក់ទំនងសង្គមមួយ ដែលមានប្រជាប្រិយភាពខ្លាំង និងទទួលបានការគាំទ្រ ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៤ អ្នកប្រើប្រាស់បានកើនឡើងដល់ជិត១ពាន់លាននាក់។
Telegram កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយឥឡូវនេះបណ្តាញសង្គម Telegram ថែមទាំងអាចប្រកួតប្រជែងជាមួយវេទិកាធំៗដូចជាWhatsApp ជាដើម។
Telegram អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជជែកគ្នា និងហៅទូរសព្ទ ឬហៅជាវីដេអូ និងបង្កើតក្រុមដោយមិនទាមទារលេខទូរស័ព្ទ។
នៅខែកក្កដា ឆ្នាំ២០២៤ អ្នកប្រើប្រាស់សកម្មប្រចាំខែរបស់បណ្តាញសង្គម Telegram បានកើនឡើងដល់កម្រិតខ្ពស់បំផុតប្រមាណ៩៥០លាននាក់។ មូលដ្ឋានអ្នកប្រើប្រាស់របស់ Telegram បានកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយឆ្លុះបញ្ចាំងពីការកើនឡើង នៃប្រជាប្រិយភាព និងការនិយមប្រើប្រាស់។
នៅឆ្នាំ២០២៣ សេវាកម្ម Telegram Premium មានអតិថិជនប្រហែល១លាននាក់។ ចំនួននេះបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២៤ ដោយឈានដល់ចំនួន៥លាននាក់ នៅខែមករា និងបន្តកើនឡើងជាលំដាប់។
គិតត្រឹមខែកញ្ញា ឆ្នាំនេះ ចំនួនអតិថិជនជាវ Premium សរុបបានកើនឡើងដល់១០លាននាក់។ និន្នាការនេះបង្ហាញពីកំណើនដ៏រឹងមាំ នៃមូលដ្ឋានអ្នកប្រើប្រាស់សេវា Premium របស់បណ្តាញសង្គម Telegram។
Telegram ជាកម្មវិធីសកលមួយ ដែលមានអ្នកប្រើប្រាស់មកពីតំបន់ផ្សេងៗទូទាំងពិភពលោក។ ចំនួនអ្នកប្រើប្រាស់ Telegram ភាគច្រើនប្រហែល៣៨% មានប្រភពមកពីតំបន់អាស៊ី តាមពីក្រោយដោយតំបន់អឺរ៉ុបចំនួន២៧% តំបន់អាមេរិកឡាទីនចំនួន២១% និងតំបន់ MENA (មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង) ចំនួន៨%។
លើសពីនេះ Telegram ជាមធ្យោបាយមួយសម្រាប់ការទិញ-លក់រូបិយប័ណ្ណគ្រីបតូ។
យោងតាមកាសែត Financial Times បានឱ្យដឹងថា រូបិយប័ណ្ណគ្រីបតូ គ្របដណ្តប់ចំនួនជាង៤០ភាគរយ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Telegram រវាងពីឆ្នាំ២០២២ដល់ឆ្នាំ២០២៣។
សម្រាប់ក្រុមហ៊ុន Telegram ការស្វែងរកប្រាក់ចំណូលពីរូបិយប័ណ្ណគ្រីបតូ ហាក់មានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមថា សេវាកម្មនេះអាចនឹងគ្របដណ្តប់ការចំណាយដ៏ច្រើនរបស់ខ្លួន តាមរយៈការបោះផ្សាយលក់មូលបត្រសាធារណៈជាលើកដំបូង (IPO) ក្នុងរយៈពេលពីរឆ្នាំខាងមុខ។
គិតត្រឹមចុងឆ្នាំ២០២៣ ក្រុមហ៊ុនបានកាន់កាប់ទ្រព្យសម្បត្តិឌីជីថល ដែលមានតម្លៃជិត៤០០លានដុល្លារ លើសពីផលបត្រអចលនទ្រព្យ រោងចក្រ មជ្ឈមណ្ឌលទិន្នន័យ និងទ្រព្យសកម្មផ្សេងទៀត។ ទ្រព្យសម្បត្តិឌីជីថលទាំងនោះរួមមាន រូបិយប័ណ្ណគ្រីបតូដូចជា កាក់ Bitcoin ឬកាក់ Toncoin(TON) និងកាក់រូបនិមិត្តសញ្ញាប្រាក់ដុល្លារដូចជា USDT ផងដែរ។
តាមរយៈសមត្ថភាពក្នុងការទិញ ឬផ្លាស់ប្តូរកាក់គ្រីបតូ គេសង្កេតឃើញថា បណ្តាញសង្គម Telegram បានបង្កើតប្រភពប្រាក់ចំណូលដ៏រឹងមាំ។ Telegram បានក្លាយជាធនាគារប្រាក់ដុល្លារយ៉ាងស្ងៀមស្ងាត់ ចាប់តាំងពីក្រុមហ៊ុននេះ បានច្របាច់រួមបញ្ចូលកាក់ USDT ទៅក្នុងសេវាកម្មរបស់ខ្លួន។
កាលពីខែមីនាកន្លងទៅ លោក Pavel Durov ស្ថាបនិកក្រុមហ៊ុន Telegram បានថ្លែងប្រាប់កាសែត Financial Times ថា លោកបានទទួលការប្ដេជ្ញា ពីអ្នកវិនិយោគដ៏មានសក្តានុពលក្នុងការទិញមូលបត្រ ក្នុងតម្លៃជាង៣០ពាន់លានដុល្លារ។
ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីលោក Pavel Durov ត្រូវបានចាប់ខ្លួននៅប្រទេសបារាំង ផែនការទាំងនេះ ទំនងជាត្រូវបានផ្អាកទៅហើយ។ តម្លៃមូលបត្របំណុលដែលក្រុមហ៊ុន Telegram បានបោះផ្សាយលក់ បានធ្លាក់ថ្លៃចុះយ៉ាងគំហុក៕