វិនិយោគិនគ្រោងបោះទុនប្រែក្លាយផ្ទះបុរាណរបស់ប្រទេសជប៉ុនទៅជាអចលនទ្រព្យថ្មី សម្រាប់ជនបរទេស

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនដែលទើបបង្កើតថ្មីឈ្មោះ PlanetDao គ្រោងបោះទុនវិនិយោគ ចំនួន៣៤លានយ៉េន នៅក្នុងគម្រោងអចលនទ្រព្យដំបូងរបស់ខ្លួន ដោយប្រែក្លាយផ្ទះបុរាណ Ryogonji ដែលត្រូវបានគេបោះបង់ចោល នៅក្នុងខេត្ត Wakayama ភាគខាងលិចរបស់ប្រទេសជប៉ុន ទៅជាផ្ទះសំណាក់។

ក្រុមហ៊ុនរំពឹងថា អាជីវកម្មនេះនឹងទាញបានផលចំណេញពីភ្ញៀវទេចរណ៍ តាមរយៈការផ្តល់ជូនសេវាកម្មស្នាក់នៅ ការបរិភោគអាហារ និងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងស្រុករបស់ជប៉ុន។

ផ្ទះបុរាណ Ryogonji ដែលមានអាយុកាល១៧០ឆ្នាំ មានទីតាំងស្ថិតនៅលើកូនភ្នំក្បែរភូមិ Irokawa។ នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយសារពត៌មានហុងកុង South China Morning Post។

លោកស្រី Tamaki Nishimura ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន PlanetDao បានលើកឡើងថា “នៅពេលការអភិវឌ្ឍ ត្រូវបានបញ្ចប់រួចរាល់នៅឆ្នាំក្រោយ ផ្ទះសំណាក់នេះនឹងអាចទទួលភ្ញៀវទេសចរណ៍ បានចន្លោះពី១២នាក់ ទៅ១៥នាក់”។

លោកស្រីបានបន្តថា ប្រទេសជប៉ុន មានផ្ទះបុរាណសរុបប្រហែល៧៥.០០០ខ្នង ហើយចំនួន១ ភាគ៣នៃផ្ទះទាំងនោះត្រូវបានបោះបង់ចោល។ ផ្ទះសំណាក់បែបប្រពៃណី ដែលសាងសង់ជុំវិញ អាងត្រាំទឹកក្តៅ(Hot Spring) ក៏ត្រូវបានបោះបង់ចោលផងដែរ។
លោកស្រី Nishimura ជឿជាក់ថា គួបផ្សំជាមួយនឹងផ្ទះចាស់ៗ ដែលគេបោះបង់ចោលប្រមាណ៨លានយូនីត នៅក្នុងប្រទេសជប៉ុន ប្រាសាទ និងកន្លែងកម្សាន្ត ដែលលែងមានអ្នកមើលថែរទាំ គឺជាឱកាសវិនិយោគ ដ៏គួរឱ្យទាក់ទាញសម្រាប់ជនបរទេស ដែលចូលចិត្តប្រទេសជប៉ុន និងវប្បធម៌របស់ជប៉ុន។

ជាក់ស្តែង នៅទីក្រុង Kanazawa ក្នុងខេត្ត Ishikawa អគារប្រវត្តិសាស្ត្រ និងប្រាសាទចំនួន១៥០ខ្នង ត្រូវបានគេរុះរើ ឬទុកចោលទទេជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទិន្នន័យពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន៕ប្រភព: SCMP៕