ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧញ៉ា ភ្ញៀវកិតិ្តយសជាតិ-អន្តរជាតិ និងថ្នាក់ដឹកនាំក្រសួងផងដែរ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា នេះគឺជាពិធីលើកទី៣ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយលើកទី១ គឺពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ និងលើកទី២ គឺពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ពិធីដែលកំពុងប្រារព្ធឡើងនាថ្ងៃនេះ ក៏ជាសក្ខីភាពបង្ហាញឱ្យឃើញនូវសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអាណត្តិមុន និងបច្ចុប្បន្នដែលបានគាំទ្រ និងចង្អុលបង្ហាញជាទិសដៅយុទ្ធសាស្ត្រនៅក្នុងការអនុវត្តឱ្យសម្រេចចេញជាផ្លែផ្កានៃសមិទ្ធផលជាតិ។

គួរបញ្ជាក់ផងដែរថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះបាននិងកំពុងជួយបំពេញបន្ថែមនូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនTEUs/ឆ្នាំ ទៅ ១លាន TEUs/ឆ្នាំ និងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករណ៍គឺកើនឡើងពី ១៨% ទៅប្រមាណ ៣៨% នៃនាវាដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវាដែលមានផ្លូវរត់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកើនឡើងរហូតដល់ ៤៩,២៥%៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

  • Facebook: https://www.facebook.com/mpwt.gov.kh
  • Telegram: https://t.me/mpwtnews
  • TikTok: https://www.tiktok.com/@mpwt.tiktok
  • YouTube: https://www.youtube.com/@mpwt.youtube