រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិន សន្យាជម្រុញអ្នកវិនិយោគមកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកLi Xiaopeng រដ្ឋមន្រ្តីនៃក្រសួងដឹកជញ្ជូនចិនបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញឲ្យអ្នកវិនិយោគចិន មកអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ឋធំៗ នៅកម្ពុជាបន្ថែមទៀត។

លោកថ្លែងបែបនេះ ក្នុងពេលអនុញ្ញាត្តឲ្យលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយលោកជំទាវ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន ចូលជួបពិភាក្សាការងារ កាលពីថ្ងៃទី១០ កញ្ញាកន្លងមកនេះ។
ក្នុងជំនួបនេះ គណៈប្រតិភូកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានពិភាក្សាផ្លាស់ប្តូរយោបល់ យ៉ាងស៊ីជម្រៅ និងប្រកបដោយលទ្ធផលផ្លែផ្កា លើការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូនរវាងកម្ពុជា-ចិន។

លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ជម្រាបជូនអំពីស្ថានភាពសេដ្ឋកិច្ច និងវឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធ ក្នុងប្រទេសកម្ពុជា ដែលហុចផលវិជ្ជមាន ពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យដឹកជញ្ជូន។
បន្ថែមពីនេះ “ខ្សែក្រវាត់ និងផ្លូវ” និង “គោលនយោបាយចិនតែមួយ” ក៏ជាប្រធានបទ ដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាការឆ្លើយតបលើការលើកឡើង របស់លោកស៊ុន ចាន់ថុល ភាគីចិនបានសន្យានឹងបន្តផ្តល់ជំនួយ បច្ចេកទេសបន្ថែមដើម្បីបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងគាំទ្រនិងបន្តជំរុញវិនិយោគិនចិន មកវិនិយោគលើវិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ និងពហុមធ្យោបាយដឹកញ្ជូន នៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកLi Xiaopeng បានគូសបញ្ជាក់អំពីក្ដីសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងបន្តពង្រឹង ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការនានា ដើម្បីរួមគ្នាអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា-ចិន បានប្រកបដោយចីរភាព៕