ដោយៈ គង់ សូរិយា
កំពង់ចាមៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចុះទីតាំងអភិរក្សជលផល អន្លង់កណ្តាល ស្ថិតក្នុងខេត្តកំពង់ចាម មានទំហំ៤២.៦៨ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ។
កន្លែងអភិរក្សជលផល អន្លង់កណ្តាល ត្រូវបានចុះបញ្ជីតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមច្បាប់ស្តីពីជលផល ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរបស់រដ្ឋ។
រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបាននិងកំពុងជម្រុញការរៀបចំអភិរក្ស និងការចុះបញ្ជីរដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូទាំងប្រទេស នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ហើយក្រសួងរៀបចំដែនដី ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងនេះ បាននិង កំពុងធ្វើការងារនេះយ៉ាងសកម្ម៕