ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd បានបង្ហាញបំណងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា។
ព័ត៌មាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាង លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានទទួលជួបតំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. និងបានពិភាក្សាការងារដោយផ្តោតលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាតនៅកម្ពុជា។
លោកបណ្ឌិត Cai Yunlong នាយកប្រតិបត្តិក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុន Hainan Litree Purifying Technology ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងបានកសាងកេរ្តិ៍ឈ្មោះខាងបច្ចេកវិទ្យា UF Membrane ដោយសារក្រុមហ៊ុន បានបង្កើតលទ្ធផលជោគជ័យជាសកល និងមានភ្នាក់ងារផ្តល់បច្ចេកវិទ្យានេះ នៅក្នុងប្រទេសជាច្រើន។
លោកបន្តថា ឧបករណ៍ចម្រោះទឹកម៉ាក Litree របស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយចំពោះប្រសិទ្ធភាព ក្នុងការផ្គត់ផ្គង់ទឹក សម្រាប់តំបន់ប្រជុំជន សម្រាប់តម្រូវការ ឧស្សាហកម្ម និងបច្ចេកវិទ្យាចម្រោះទឹក សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ដែលបាន និងកំពុង ផ្តល់អត្ថ ប្រយោជន៍ដល់មនុស្សជាង៣លានគ្រួសារ នៅទូទាំងពិភពលោក។
នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ន ផលិតផលដែលប្រើបច្ចេកវិទ្យា UF membrane របស់ក្រុមហ៊ុន ត្រូវ បានប្រើប្រាស់នៅក្នុងខេត្ត-ក្រុងជាច្រើនដោយបានរួមចំណែក ដល់ការពង្រឹងស្តង់ដារទឹកស្អាត ក្នុងបរិមាណ១១.០០០ម៉ែត្រគូប/ថ្ងៃ។
លោកបណ្ឌិត Cai Yunlong បានលើកឡើងថា ក្នុងរយៈពេល ៣-៥ ឆ្នាំខាងមុខនេះ ក្រុមហ៊ុនគ្រោង នឹងវិនិយោគទឹកប្រាក់ប្រមាណ ៥០-១០០លានដុល្លារ ទៅក្នុងវិស័យទឹកស្អាតនៅកម្ពុជា។
លោកហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគ ក្នុងវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ ដែលមិនទាន់មានសេវាគ្របដណ្តប់។ ដោយសង្កត់ធ្ងន់ លើសារៈសំខាន់នៃការចាប់យកបច្ចេកវិទ្យា ទាំងនៅក្នុងវិស័យសាធារណៈ និងឯកជនលោករដ្ឋមន្ត្រី បានលើក ទឹកចិត្ត ឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំ សម្រាប់ប្រតិបត្តិករទឹកឯកជន ដោយប្រើប្រាស់ឧត្តមភាពបច្ចេកវិទ្យា និងបទពិសោធន៍ជោគជ័យរបស់ខ្លួនកន្លង មក។
តាមរយៈជំនួបនេះ ក្រុមហ៊ុនបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការរួមចំណែករបស់ខ្លួន ក្នុងការដោះ ស្រាយ បញ្ហាផ្គត់ផ្គង់ទឹកស្អាត និងថែរក្សាធនធានទឹក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាmembraine ប្រកបដោយនវានុវត្តន៍ ដំណោះស្រាយធុងចម្រោះទឹក និងសេវាសុវត្ថិភាពទឹកសាធារណៈ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថានរបស់កម្ពុជា៕
ផ្ដល់សិទ្ធិដោយ