មន្រ្តីកម្ពុជា ចិន ផ្តោតលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងពង្រីកទំនាក់ទំនងរវាងទីក្រុងយៀកឈីង

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកសុខ ដារិទ្ឋិ ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអគ្គនាយករងជំរុញពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ គណៈកម្មាធិការសន្និសីទប្រឹក្សានយោបាយប្រជាជនចិន។

ក្នុងជំនួបកាលពីសប្តាហ៍មុន លោកសុខ ដារិទ្ឋិ បានជួបជាមួយលោក Chen Xiangdong ប្រធានគណៈកម្មាធិការសន្និសីទប្រឹក្សានយោបា យប្រជាជនចិន (CPPCC) នៃទីក្រុងយៀកឈីង ខេត្តជីជាំង និងសហការី ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន ព្រមទាំងពង្រីកទំនាក់ទំនង រវាងទីក្រុងយៀកឈីង ជាមួយក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ លោកបានលើកឡើងថា កម្ពុជា-ចិន បានបង្កើនចំណងមិត្តភាពទ្វេរភាគី ពីមិត្តភាពដែកថែប ទៅជាមិត្តភាពត្បូងពេជ្រ ដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ ជោគវាសនាតែមួយកម្ពុជា-ចិន និងជំរុញការបង្កើនទំហំពាណិជ្ជកម្ម ទ្វេរភាគីឱ្យកើនមួយកម្រិតបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិននេះ។
លោកបានបន្ថែមថា កម្ពុជាមានធុរជន និងវិនិយោគិនចិនជាច្រើន កំពុងដំណើរការអាជីវកម្ម ស្ទើគ្រប់វិស័យលើហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ ឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងសេវាកម្ម។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម មានកិច្ចសហការជាមួយប្រទេសចិន រួមមាន៖ ពិព័រណ៍ពាណិជ្ជកម្ម នៅទីក្រុងណាននីង និងទីក្រុងផ្សេងជាច្រើនទៀតនៃប្រទេសចិន មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន វេទិកាធុរកិច្ច កិច្ចជំនួបពាណិជ្ជកម្ម និងកិច្ចជំរុញពាណិជ្ជកម្មនានា៕