កំពង់ផែពហុបំណងកំពត រំពឹងថានឹងក្លាយជាផ្នែកមួយក្នុងការចូលរួមជំរុញឱ្យគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ៊្វូណនតេជោ” ដែលគ្រោងនឹងបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឱ្យកាន់តែមានសក្តានុពល និងអាចលើកកម្ពស់មុខមាត់វិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានការប្រកួតប្រជែងខ្ពស់

កំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពត ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ បុគ្គលិក កម្មករ និយោជិតកំពង់ផែពហុបំណងកំពត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៦ ០០០រូប។

កំពង់ផែពហុបំណងកំពតនេះមានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលមានក្រុមហ៊ុនកំពតផតជាម្ចាស់កំពង់ផែ ឬចាត់ទុកថាជា «អង្គគ្រប់គ្រងកំពង់ផែពហុបំណងកំពត» មានផ្ទៃដីគោក ២០៧ហិកតា និងផ្ទៃទឹក ៦៧៨ហិកតា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត រីឯដែនទឹកវិញជាកម្មសិទ្ធិរបស់រដ្ឋដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុនកំពតផតគ្រប់គ្រង ថែទាំ និងប្រើប្រាស់សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ ឬកន្លែងនាវាចូលចេញ ផ្ទេរផ្ទុកទំនិញនៅកំពង់ផែ។

សម្រាប់គម្រោងអភិវឌ្ឍន៍កំពង់ផែនៅក្នុងដំណាក់កាលទី១នេះ បានចំណាយទុនវិនិយោគសរុបប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត និងបញ្ចប់ការសាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេស ដោយមានចំណតនាវាបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ ជម្រៅទឹក -១០ម៉ែត្រ អនុញ្ញាតឱ្យនាវាចំណុះ ១ម៉ឺនតោន ឬស្មើនឹង ៦៦៦TEUs អាចចូលចតបាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ បង្គោលចងពួរសម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា, ការសាងសង់ទីលានកុងតឺន័រមានទំហំផ្ទៃសរុប ៥៥ ០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨ ៨០០ម៉ែត្រការ៉េ, អគារត្រួតពិនិត្យទំនិញមានទំហំ ១ ៣៣០ម៉ែត្រការ៉េ, ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំងប៉ុស្តិ៍យាមហ៊ុមព័ទ្ធដោយរបងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាលកម្ពស់ ៣ជាន់ មានទំហំសរុប ១ ៦៨៩ម៉ែត្រការ៉េ សម្រាប់ជាការិយាល័យបំពេញការងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយនិងរដ្ឋាករកម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀមនូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការចូល-ចេញតាមផ្លូវទឹក។ គួរបញ្ជាក់ថា ក្រុមហ៊ុនកំពតផតក៏មានគម្រោងសាងសង់ពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែជាបន្តបន្ទាប់ ក្នុងនោះដំណាក់កាលទី២ និងដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើងដោយមានជម្រៅទឹកដល់ទៅ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២ម៉ឺនតោន អាចធ្វើប្រតិបត្តិការចូល-ចេញដោយសុវត្ថិភាព និងមានការសាងសង់នូវឋបនីយភណ្ឌផែសម្រាប់អ្នកដំណើរផងដែរ។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការប្រារព្ធពិធីសម្ពោធយ៉ាងអធិកអធមនាព្រឹកនេះ គឺជាសក្ខីភាពបង្ហាញឱ្យឃើញពីសមិទ្ធផលថ្មីមួយបន្ថែមទៀត និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា បើនិយាយជារួម និងការរីកចម្រើនក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ បើនិយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍវិស័យកំពង់ផែនៅ កម្ពុជា។ ពិធីសម្ពោធនាពេលនេះក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេសក្នុងការចូលរួមវិនិយោគអភិវឌ្ឍន៍វិស័យកំពង់ផែនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា កំពង់ផែពហុបំណងកំពតនេះស្ថិតក្នុងភូមិសាស្រ្តដែលមានអំណោយផលល្អសម្រាប់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែកមកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៤១ ផ្លូវជាតិលេខ៤៨ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូងទៅភាគខាងជើងរបស់កម្ពុជា។ ទន្ទឹមនេះ ទីតាំងរបស់កំពង់ផែនេះក៏មានការសាងសង់ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ តាមរយៈគម្រោងព្រែកជីកហ៊្វូណនតេជោ ដែលរាជរដ្ឋាភិបាលគ្រោងនឹងបើកការដ្ឋានសាងសង់នាពេលខាងមុខនេះ។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈដ៏មុតមាំ និងត្រៀមលក្ខណៈរួចរាល់ចូលរួមអនុវត្តគម្រោងព្រែកជីកហ៊្វូណនតេជោ ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព។

មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះការសម្ពោធបើកឱ្យប្រើប្រាស់នូវកំពង់ផែពហុបំណងកំពត ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងវិស័យកំពង់ផែ និងជាកំពង់ផែទី១ ដែលត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់បន្ទាប់ពីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលដែលទទួលបន្ទុកគ្រប់គ្រងកំពង់ផែឯកជន និងក្រុមហ៊ុនកំពតផតដែលបានជឿជាក់បោះទុនវិនិយោគអភិវឌ្ឍវិស័យកំពង់ផែ ដោយបានគាំទ្រដល់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ឱ្យមានការអភិវឌ្ឍរីកចម្រើនដែលនឹងរួមចំណែកឈានទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ទន្ទឹមនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីក៏បានលើកឡើងពីគម្រោងព្រែកជីកហ៊្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្រទីមួយនៅក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងពិភពលោក បានចូលរួមបង្ហាញជំហរគាំទ្រគម្រោងដើម្បីប្រយោជន៍ជាតិមួយនេះយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនឹងត្រូវបានការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

ជាចុងក្រោយ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានផ្តល់ការណែនាំដល់ក្រសួង-ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបន្តផ្ដល់កិច្ចសហការនិងសម្របសម្រួលបង្កលក្ខណៈងាយស្រួលឱ្យដំណើរការអាជីវកម្មរបស់កំពង់ផែពហុបំណងកំពតនេះ ប្រព្រឹត្តទៅដោយរលូននិងមានការគាំទ្រពីអតិថិជនប្រើប្រាស់សេវាកម្ម ដើម្បីឈានទៅពង្រីកសមត្ថភាព និងអភិវឌ្ឍកំពង់ផែក្នុងដំណាក់កាលទី២ និងទី៣ ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនបន្តវិនិយោគលើការបង្កើនសមត្ថភាព និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួល និងជម្រើសសេវាកម្មជាច្រើនផ្សេងទៀតដល់អតិថិជនដែលប្រើប្រាស់សេវាកម្មរបស់កំពង់ផែពហុបំណងកំពតនេះ៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

  • Facebook: https://www.facebook.com/mpwt.gov.kh
  • Telegram: https://t.me/mpwtnews
  • TikTok: https://www.tiktok.com/@mpwt.tiktok
  • YouTube: https://www.youtube.com/@mpwt.youtube