ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ លោកថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ បានបើកកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ដែលកិច្ចប្រជុំនេះក្រុមការងារអន្តរក្រសួង ជំរុញការរៀបចំ អភិវឌ្ឍន៍ផលិតផលទេសចរណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញទេសចរទស្សនាខេត្តសៀមរាប និងស្នាក់នៅបានយូរ។
លោកថោង ខុន បានថ្លែងថា បច្ចុប្បន្ន នៅក្នុងដំណើរការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តំបន់អង្គរ ឆ្នាំ២០២១ ឆ្នាំ២០៣៥ និងផែនការអភិវឌ្ឍខេត្តសៀមរាប បាននិងកំពុងទទួលបានសមិទ្ធិផលជាបណ្តើរៗ ជាពិសេសបណ្តាញផ្លូវនៅក្នុងខេត្ត ផ្លូវតំបន់ប្រាសាទ តំបន់ព្រៃអង្គរ ជាងនេះទៅទៀត គោលដៅទេសចរណ៍នានាទៀត មានតំបន់ភ្នំគូលេន តំបន់បន្ទាយស្រី តំបន់បឹងទន្លេសាប និងតំបន់មានសក្តានុពលនានា នៅជុំវិញខេត្តសៀមរាប គឺក្រុមការងារអន្តរក្រសួង បាននិងកំពុងគិតគូ អភិវឌ្ឍន៍បន្ថែមឲ្យមានភាពប្លែកៗ និងការទាក់ទាញទេសចរស្នាក់នៅយូរទស្សនាខេត្តសៀមរាប។
លោកទេសរដ្ឋមន្រ្តីថ្លែងបញ្ជាក់ថា សម្រាប់ការងារលក់សំបុត្រទស្សនាតំបន់អង្គរ សំគាល់ឃើញថា ភ្ញៀវអន្តរជាតិភាគច្រើនទិញសំបុត្រទស្សនាតំបន់អង្គរចំនួន៣ថ្ងៃ ច្រើនជាងទិញសំបុត្រចូលទស្សនា១ថ្ងៃ ដែលបញ្ហានេះបង្ហាញពីភាពរីកចម្រើន អភិវឌ្ឍខេត្តសៀមរាប និងទាក់ទាញទេសចរអន្តរជាតិស្នាក់នៅយូរ ទស្សនាខេត្តសៀមរាប។
ជាមួយគ្នានេះ លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងថា នៅក្នុងដំណើរអនុវត្តយុទ្ធនាការឆ្នាំ ទស្សនាសៀមរាប អង្គរ២០២៤ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ អន្តរជាតិ កន្លងមកនេះ គឺបានទាក់ទាញទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តសៀមរាប ហើយបច្ចុប្បន្ន ក្រសួងក៏កំពុងសហការ និងស្នើសុំស្ថាប័នរដ្ឋ ឯកជន និងភាគីពាក់ព័ន្ធរៀបចំកិច្ចប្រជុំ សិក្ខាសាលា រៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយនានា ទៅកាន់ខេត្តសៀមរាបឲ្យបានច្រើន។
តាមការបញ្ជាក់ពីតំណាងរដ្ឋបាល ខេត្តសៀមរាបបានឲ្យដឹងថា តាមរយៈកំណើនទេសចរជាតិអន្តរជាតិ ទស្សនាខេត្តសៀមរាបបច្ចុប្បន្ន គឺបានជំរុញមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅខេត្តសៀមរាប ប្រមាណ៨០ទៅ៨៥% គឺបានបើកដំណើរឡើងវិញ ស្របពេលខេត្តក៏កំពុងបានរៀបចំ អភិវឌ្ឍន៍ដងស្ទឹងសៀមរាប អភិវឌ្ឍន៍គោលដៅទេសចរណ៍នានាទៀត កំពុងទាក់ទាញភ្ញៀវទៅទស្សនាច្រើនជាពិសេសតំបន់បឹងទន្លេសាប តំបន់ភ្នំគូលេន និងតំបន់បន្ទាយស្រីជាដើម៕