ដោយៈ និស្ស័យ
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញផ្តល់កិត្តិយសជាអធិបតី ក្នុងជំនួបផ្គូផ្គងធុរកិច្ច រវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤។
ជំនួបផ្គូផ្គងធុរកិច្ចនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគម និងវិនិយោគិនរវាងប្រទេសទាំងពីរ ស្របតាមចក្ខុវិស័យរបស់ លោកឧបនាយករដ្ឋមន្ត្រី ក្នុងបេសកកម្មគោះទ្វារវិនិយោគនៅឯប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
ការរៀបចំជំនួបផ្គូផ្គងធុរកិច្ចនេះ គឺបានបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុន ទៅលើបរិយាកាសវិនិយោគនៅកម្ពុជា។ ជាក់ស្ដែងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងប្រចាំប្រទេសថៃ ធ្លាប់បានសហការរៀបចំសិក្ខាសាលា ដើម្បីជំរុញទាក់ទាញការវិនិយោគ ពីក្រុមហ៊ុនជប៉ុនតាមរយៈយន្តការប្រទេសបូក (Thailand +1) ផងដែរ។
លើកឡើងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ ដល់សមាគមជប៉ុន-កម្ពុជា ដែលបានបើកការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ ដែលនេះជាសក្ខីភាពនៃទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងកម្ពុជា និងមិត្តជប៉ុន និងស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា។
លោកស៊ុន ចាន់ថុលក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងផ្ដួចផ្ដើមរៀបចំជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។
លោកបានគូសរំលេចផងដែរ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទី ជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះ ជាបេសកកម្ម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា យើងបានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញទំហឹង ជូនដល់វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ជាងនេះទៅទៀតនាពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យា សម្រាប់អនុញ្ញាតឱ្យវិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជី គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។
ការដាក់ពាក្យ និងការទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងគឺសុទ្ធសឹង តែធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជាទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាព ជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជា ស្វែងយល់ឱ្យកាន់តែច្បាស់ នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ពិសេសលើកទឹកចិត្ត ដល់សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគិន មកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា បង្កើតការងារបន្ថែមជូនបងប្អូន ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័ត គម្រោងវិនិយោគសរុបចំនួន៣៤៦គម្រោង ក្នុងទុនវិនិយោគ សរុបប្រមាណ៥,៥ប៊ីលានដុល្លារអាមេរិក មានការកើនឡើង៣៨% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ក្នុងនោះ ប្រទេសជប៉ុនឈរនៅលំដាប់ទី៧ ដែលមានទុនវិនិយោគ សរុបប្រមាណ៤០លានដុល្លារអាមេរិក នៃរំហូរទុនវិនិយោគសរុបនៅកម្ពុជា៕