ដោយៈ និស្ស័យ
ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។
ថ្លែងក្នុងវេទិកានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA ដែលបានចូលជាធរមាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ដែលកិច្ចព្រមព្រៀងនេះ ជាសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មស៊ីជម្រៅ ក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម និងការទាក់ទាញវិនិយោគ និងការធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារ អេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។
លោកជំទាវបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញ ទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួម ជាមួយអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ ដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, មុខទំនិញវាយនភណ្ឌ, សម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, គ្រាប់កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងអនុញ្ញាតឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗ ដូចជា សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ផងដែរ។
លោកជំទាវរដ្ឋលេខាធិការ បានបង្ហាញពីក្ដីរំពឹងថា វិស័យឯកជនកម្ពុជា នឹងចូលរួមចំណែក ក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយនេះ ឱ្យបានពេញលេញ ដើម្បីចូលរួមជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដែលការណ៍នេះស្របតាមយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ពោលគឺការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ព្រមទាំងចូលរួមចំណែកគាំទ្រ ដល់ដំណើរការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា នាពេលខាងមុខផងដែរ។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមក្នុងរយៈពេល១០ខែ នៅក្នុងឆ្នាំ២០២៤នេះ មានប្រមាណ៧៥លានដុល្លារអាមេរិក កើនឡើង៧% ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ (កម្ពុជាបាននាំចេញប្រមាណ៥៥លានដុល្លារអាម៉េរិក និងនាំចូលប្រមាណ២០លានដុល្លារអាមេរិក)៕