ក្រុមហ៊ុន CSD ដែលកំពុងអភិវឌ្ឍន៍គំរោង The Bay of Light នាំយកក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍លំដាប់យក្សមកកាន់កម្ពុជា

ដោយៈ ស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុនCanopy Sands Development(CSD)ដែលបាននិងកំពុងអភិវឌ្ឍន៍គំរោងThe Bay of Lightតម្លៃ១៦ពាន់លានដុល្លារ បាននាំយកនូវក្រុមហ៊ុនAIM Congressលំដាប់ពិភពលោកមកកាន់កម្ពុជា។

ក្រុមហ៊ុនCDS បានប្រកាសឲ្យដឹងកាលពីពេលថ្មីៗនេះអំពីការចាប់ដៃគូយុទ្ធសាស្ត្រ ជាមួយសន្និបាត Annual Investment Meeting ដែលជាវេទិកាវិនិយោគដ៏ល្បី របស់សហភាពអារ៉ាប់រួម ក្នុងគោលដៅពង្រឹងទំនាក់ទំនងរវាងទីផ្សារអាស៊ី ជាមួយទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

ក្រោមកិច្ចសហការនេះ នឹងមានការបង្កើតនូវសន្និបាត AIM Congress Asia នៅលើទឹកដីនៃគម្រោងអភិវឌ្ឍន៍ Bay of Lights ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌ស្តង់ដារអន្តរជាតិដំបូងនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ១១ហិកតា ក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights។ ក្នុងសន្និបាត AIM Congress ឆ្នាំ ២០២៤ ខាងមុខនេះនៅទីក្រុងអាប៊ូដាប៊ី គម្រោង Bay of Lights និង AIM Congress ក៏គ្រោងនឹងសម្រេចសម្រួលគ្នា លើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នា ថ្មីមួយទៀត ដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញាខ្ពស់ របស់ភាគីទាំងពីរក្នុងការបង្កើតអនាគតដ៏រីកចម្រើន តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

មហាសន្និបាត AIM Congress គឺជាវេទិកាវិនិយោគកំពូលនៅមជ្ឈឹមបូព៌ាដែលផ្ដោតសំខាន់លើ ការវិនិយោគផ្ទាល់ពីបរទេ ស ទីក្រុងអនាគត និងសហគ្រាសធុនតូច និងមធ្យម ដែលសំដៅលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងអន្តរជាតិ ដោយកន្លងមកបានទទួលស្វាគមន៍គណៈប្រតិភូចូលរួមជាង១ម៉ឺននាក់ មកពី១៧៥ប្រទេស និងមានការដាក់តាំងបង្ហាញអាជីវកម្ម ពីក្រុមហ៊ុនជាង៥០០ មកពីជុំវិញពិភពលោក។

កិច្ចប្រជុំវិនិយោគប្រចាំឆ្នាំ (AIM) គឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិ AIM Foundation ដែលជាអង្គការអន្តរជាតិឯករាជ្យមួយ ដែលបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការផ្តល់អំណាចដល់សេដ្ឋកិច្ចពិភពលោក តាមរយៈការជំរុញយុទ្ធសាស្រ្ត លើកកម្ពស់ប្រកបដោយប្រសិទ្ធភាព និងសម្របសម្រួលឱកាសសម្រាប់ផលិតភាព និងការពង្រីកសេដ្ឋកិច្ច៕

ប្រភព Propertyarea.asia