ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានអញ្ជើញជាអធិបតី និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រ សម្រាប់ហិរញ្ញប្បទានឌីជីថលបៃតងនៅកម្ពុជា” ។
ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ នឹងជួយកសាងសមត្ថភាពរបស់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា ដើម្បីពិភា ក្សា ក៏ដូចជា ពិគ្រោះយោបល់ទាក់ទងនឹងបរិវត្តកម្មបៃតង និងនវានុវត្តន៍ឌីជីថល និងស្វែងរកឱកាស ក្នុងដំណើរអភិវឌ្ឍន៍គោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងហិរញ្ញប្បទានឌីជីថលបៃតងនៅប្រទេសកម្ពុជា។
ជាងនេះទៀត អនុស្សរណៈយោគយល់ ដែលបានចុះហត្ថលេខាកាលពីសប្តាហ៍មុននេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា ជុំវិញទិដ្ឋភាពហិរញ្ញប្បទាន ឌីជីថលបៃតងផងដែរ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គម្រោងអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ធនាគារជាតិនៃកម្ពុជា នាពេលកន្លងមកបានចូលរួមក្នុងក្របខណ្ឌអន្តរជាតិ តាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សា ជាមួយស្ថាប័នមួយចំនួនដូចជា ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង (IGFWG) បណ្តាញសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង (NGFS) ក្រុមការងារអាស៊ានលើកិច្ចការបណ្តាញធនាគារ និងហិរញ្ញវត្ថុប្រកបដោយចីរភាព (ASEAN Taskforce on Sustainable Finance) អង្គការ UNESCAP សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ជាដើម ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានបៃតង។
ធនាគារជាតិនៃកម្ពុជា ក៏បានវិនិយោគទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតង ព្រមទាំងបានក្លាយជាសមាជិកនៃគណៈកម្មការពិគ្រោះយោបល់ សម្រាប់មូលនិធិបៃតង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងឆ្នាំ២០២២ ផងដែរ៕