ដោយៈ សហសេវិក
ភ្នំពេញៈ ទោះបីស្ថិតក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ក្តី ប៉ុន្តែការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បែរជាបង្ហាញនូវសន្ទុះកំណើនដ៏ខ្ពស់បំផុត ពុំធ្លាប់មានទេក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
យោងតាមតួលេខការិយាល័យជំរឿន សហរដ្ឋអាមេរិកបានបង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានកើនឡើងទ្វេរដង ដោយសម្រេចបានក្នុងអត្រាកំណើនរហូតដល់ទៅ១១៧%។ តួលេខបានបង្ហាញថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ការនាំចេញបានកើនឡើងពីទឹកប្រាក់ចំនួនជាង៥៣០០លានដុល្លារកាលពីឆ្នាំ២០១៩ ដល់ទឹកប្រាក់ចំនួនជិត១១,៦ពាន់លានដុល្លារ ។
តាមរយៈអត្រាកំណើនដ៏ខ្ពស់ខាងលើនេះ បានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំបំផុត នៃទំនិញនាំចេញពីកម្ពុជាសាជាថ្មី ដោយនាំមុខទីផ្សារសហគមន៍អឺរ៉ុប ដែលធ្លាប់តែជាទីផ្សារទំនិញធំបំផុតទី១របស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ។
យោងតាមប្រភពដដែលបានឲ្យដឹងថា សម្រាប់ដើមឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅតែបន្តកើនឡើងបន្ថែមទៀត ពោលគឺរយៈពេល២ខែដំបូងនៅឆ្នាំនេះការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិកបានកើនឡើង ក្នុងអត្រាជិត៥%បន្ថែមទៀត បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងទៅ ដោយទឹកប្រាក់នៃការនាំចេញ បានកើនឡើងពីជាង១៦៣៣លានដុល្លារ ដល់ទឹកប្រាក់១៧១៣លានដុល្លារ។
ទំនិញដែលនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិតផល នៅក្នុងវិស័វាយនភណ្ឌកាត់ដេរ និងស្បែកជើង ខណៈដែលកម្ពុជានាំចូល ពីសហរដ្ឋអាមេរិកវិញភាគច្រើន ជាប្រភេទផលិតផលប្រណិតដូចជារថយ្ត គ្រឿងអេឡិចត្រូនិក និងគ្រឿងម៉ាស៊ីនផ្សេងៗ៕