ដោយៈ គង់ សូរិយា
ហុងកុងៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកហេង ណន បានដឹកនាំគណ:ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូនចូលរួមសន្និសីទស្តីពី វិស័យភស្តុភារកម្ម វិស័យដឹកជញ្ជូនផ្លូវសមុទ្រ និងផ្លូវអាកាសក្នុងតំបន់អាស៊ាន លើកទី១៤ ( 14th Asian Logistics , Maritime and Aviation Conference – ALMAC 14th)។
សន្និសីទនេះ រៀបចំឡើងដោយរដ្ឋបាលតំបន់ពិសេសហុងកុង ( HKSAR Government – Hong Kong Special Administrative Region) និងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (HKTDC – Hong Kong Trade Development Council) ដោយមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ និងឯកជន ដែលពាក់ព័ន្ធក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ពីបណ្តាប្រទេសក្នុងតំបន់អាស៊ី អឺរ៉ុប និងអាមេរិក។
សន្និសីទ ALMAC-2024 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “Shaping the Future of Supply Chains: Resilience and Sustainability” ដែលមានគោលបំណង ដើម្បីឱ្យប្រតិបត្តិករដឹកជញ្ជូន និងអ្នកផ្តល់សេវាឡូជីស្ទីកបានជួបពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នា ទៅវិញទៅមកអំពីព័ត៌មានទីផ្សារ និងស្វែងរកឱកាសក្នុងការធ្វើធុរកិច្ចជាមួយគ្នា។
ក្នុងឱកាសនោះ លោកហេង ណនបានធ្វើការផ្សព្វផ្សាយសមិទ្ធិផល ការអភិវឌ្ឍនានាក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ជាពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រពន្ធ័ដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដល់អន្តរជាតិ សំដៅជំរុញការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍបន្ថែមនៅកម្ពុជា៕