ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា លោកសួន សុផល បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ ក្រុមអ្នកជំនាញការមូលនិធិរូបិយវត្ថុអន្ដរជាតិ ដែលដឹកនាំដោយលោក Renato Perez Davalos សេដ្ឋវិទូជាន់ខ្ពស់ នៃនាយកដ្ឋានស្ថិតិជញ្ជីងទូទាត់ រួមនឹងតំណាងធនាគារជាតិនៃកម្ពុជា (NBC)។
ជំនួបខាងលើនេះ មានគោលបំណងដើម្បីពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើង នូវយន្តការក្នងការប្រមូល និងចងក្រងទិន្នន័យស្ដីពីរំហូរវិនិយោគបរទេសមកកម្ពុជា ព្រមទាំងនីតិវិធីផ្ទៀងផ្ទាត់ទិន្នន័យ ក៏ដូចជា វិធីសាស្រ្តសមស្រប ក្នុងការរៀបចំរបាយការណ៍ស្ថិតិជញ្ជីងទូទាត់។
ក្នុងជំនួបខាងលើ លោកសួន សុផលបានសម្ដែងការស្វាគមន៍ប្រកបដោយភាពកក់ក្ដៅដល់តំណាង IMF និងធនាគារជាតិនៃកម្ពុជា ដែលបានអញ្ជើញជួបពិភាក្សាដោយផ្ទាល់ ក្នុងគោលបំណងផ្ដល់កិច្ចសហការរួមគ្នា ជាមួយធនាគារជាតិ និងIMF សំដៅធ្វើឱ្យប្រសើរឡើងនូវការប្រមូល និងចងក្រងទិន្នន័យវិនិយោគផ្ទាល់ពីបរទេស ដែលមានសង្គិតភាព។
លោកក៏បានជម្រាបជូនគណៈប្រតិភូអំពីយន្តការ និងការរៀបចំគ្រប់គ្រងទិន្នន័យពាក់ព័ន្ធ នឹងគម្រោងវិនិយោគដែលទទួលបានការចុះបញ្ជី ដោយទទួលបានការលើកទឹកចិត្តស្ថិតនៅក្រោមក្របខណ្ឌច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក។
ជាមួយគ្នានេះ លោកសួន សុផលបានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំ ថា NBC និង IMF ព្រមទាំង ក.អ.ក. នឹងបន្តសហការគ្នា ក្នុងការរៀបចំយន្តការធ្វើឱ្យកាន់តែប្រសើរឡើងនូវការគ្រប់គ្រងទិន្នន័យវិនិយោគ ក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធសំខាន់ៗដទៃទៀត ដើម្បីរួមគ្នា ក្នុងការរៀបចំការស្ទង់មតិជាមួយវិនិយោគិន ដើម្បីប្រមូលនូវធាតុចូលសំខាន់ៗ ក្នុងការរៀបចំទិន្នន័យខាងលើ នាពេលខាងមុខផងដែរ៕