កម្ពុជា ឥណ្ឌូនេស៊ី ពង្រីកចំណងពាណិជ្ជកម្មកាន់តែរ៉ឹងមាំ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកអៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិ​ការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីរាត្រីថ្លែងអំណរគុណធុរកិច្ច ឥណ្ឌូនេស៊ី-កម្ពុជា (Indonesia-Cambodia Business Appreciation Night) ដែលត្រូវបានរៀបចំឡើង ដោយស្ថានទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជា ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ឋ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ថ្លែងអំណរគុណដល់ធុរជនកម្ពុជា-ឥណ្ឌូនេស៊ី និងប្រគល់ពានរង្វាន់ PRIMADUTA Award 2024 ជូនដល់ធុរជនឆ្នើមក្នុងកិច្ចការគាំទ្រ ដល់ការនាំចេញរបស់ឥណ្ឌូនេស៊ី។

ក្នុងឱកាសនោះ លោកអនុរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងទ្វេរភាគី ដ៏រឹងមាំរវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងបានលើកទឹកចិត្តធុរជនឥណ្ឌូនេស៊ី ឱ្យធ្វើពាណិជ្ជកម្មជាមួយកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត។

បន្ថែមពីនេះ លោកអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីគម្រោង នៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកទឹកចិត្ត ដល់ធុរជនឥណ្ឌូនេស៊ីឱ្យចូលរួម ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ផងដែរ៕