ដោយៈ និស្ស័យ
ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់ប្រទេសន័រវេស” ដែលមានវត្តមានអញ្ជើញចូលរួមជាច្រើនពីមន្រ្តីពាក់ព័ន្ឋ។
លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញក្តីសោមមនស្សរីករាយ និងថ្លែងអំណរគុណ ដល់លោកជំទាវឯកអគ្គរាជទូតន័រវេស ដែលបានផ្តួចផ្តើម និងផ្ដល់ការគាំទ្រដ៏ល្អប្រសើរ ដល់ការរៀបចំនិងដំណើរការ សិក្ខាសាលាដ៏សំខាន់នេះ សម្រាប់ឱកាសធុរកិច្ចនិងវិនិយោគ ដែលកំពុងមានកំណើនក្នុងប្រទេសទាំងពីរ ហើយរាជរដ្ឋាភិបាលទាំងពីរ ពិតជាមានបំណងទាញយកប្រយោជន៍ពីការបំពេញបន្ថែមឱ្យគ្នា សំដៅជំរុញការដោះដូរពាណិជ្ជកម្មទ្វេរភាគី ឱ្យកាន់តែប្រសើរទ្បើងថែមទៀត។
លោកជំទាវចម និម្មលបានបញ្ជាក់ថា “តាមរយៈប្រព័ន្ធអនុគ្រោះពន្ធGSP របស់ប្រទេសន័រវេស ក្រុមហ៊ុននាំចេញកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ពីប្រព័ន្ធនេះ តួយ៉ាង គឺផលិតផលទាំងអស់ ដែលមានដើមកំណើតនៅប្រទេសកម្ពុជា ទទួលបានការអនុគ្រោះរួចពន្ធ (Duty-Free) នៅពេលនាំចូលទៅកាន់ប្រទេសន័រវេស”។ លោកជំទាវបន្ថែមថា “ការនាំចេញទាំងនោះ ត្រូវអនុលោមតាមវិធានដើមកំណើរទំនិញ (Rules of Origin) និងវិធាននិងលក្ខខណ្ឌផ្សេងៗ ដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះ GSP”។
លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងកិច្ចពិភាក្សានេះឱ្យបានសកម្ម និងផុសផុលបំផុត ដើម្បីអាចទាញយកនូវអត្ថប្រយោជន៍ ជាអតិបរមាពីសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕