ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យពីរដ្ឋាភិបាលជប៉ុន បានបង្ហាញឱ្យដឹងនៅថ្ងៃទី១៨ ខែកញ្ញាថា តម្លៃដីនៅក្នុងប្រទេសជប៉ុនគិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានកើនឡើងក្នុងរង្វង់ជាមធ្យម១,៤ភាគរយបើធៀបនឹងឆ្នាំមុន។
តួលេខខាងលើបានបង្ហាញសញ្ញានៃការកើនឡើងរយៈពេល៣ឆ្នាំជាប់ៗគ្នា និងជាកំណើនដ៏ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៩២ ស្របពេលមានការកើនឡើងនៃវិស័យទេសចរណ៍ និងការវិនិយោគពីបរទេស ដោយសារតែតម្លៃប្រាក់យ៉េនដាំក្បាលចុះ។
តួយ៉ាង តម្លៃដីពាណិជ្ជកម្មបានកើនឡើង២,៤ភាគរយ ហើយតម្លៃដីលំនៅដ្ឋានបានកើនឡើង០,៩ភាគរយ។តម្លៃដីទាំង២ប្រភេទនេះបានកើនឡើងចំនួន៣ឆ្នាំជាប់ៗគ្នាក្នុងល្បឿនលឿនបំផុតមិនធ្លាប់ជួបប្រទះ ចាប់តាំងពីឆ្នាំ១៩៩២មក។
យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុនបានឱ្យដឹងថា ឆ្នាំ១៩៩២ ជាឆ្នាំដែលតម្លៃដីធ្លីនៅប្រទេសជប៉ុនបានដាំក្បាលចុះ ដោយសារពពុះក្នុងវិស័យអចលនទ្រព្យបានផ្ទុះឡើង។
យោងតាមរបាយការណ៍របស់ក្រសួងដដែលបានបញ្ជាក់ថា “បច្ចុប្បន្ន តម្លៃដីកំពុងកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែង និងខុសប្លែកពីការទិញ-លក់រយៈពេលខ្លីក្នុងអំឡុងពេលមានពពុះ”។
បន្ទាប់ពីឆ្លងផុតវិបត្តិហិរញ្ញវត្ថុ ដែលបង្កឡើងដោយការដួលរលំនៃធនាគារ Lehman Brothers Holdings របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៨ និងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ គេសង្កេតឃើញថា ទីផ្សារដីធ្លីនៅប្រទេសជប៉ុនមាននិន្នាការកម្រើកកាន់តែខ្លាំង។
តម្លៃដីនៅក្នុងទីក្រុងធំជាងគេទាំង៣របស់ប្រទេសជប៉ុន រួមមាន ទីក្រុងតូក្យូ ទីក្រុងអូសាកា និងទីក្រុងណាហ្គោយ៉ាបានកើនឡើងយ៉ាងគំហុក ខណៈតម្លៃដីលំនៅដ្ឋាននៅតំបន់ទាំងនោះបានកើនឡើងចំនួន៣ជាប់ៗគ្នា ហើយតម្លៃដីពាណិជ្ជកម្មបានកើនឡើងក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា។
តម្លៃដីនៅម្តុំទីតាំងអគារពាណិជ្ជកម្ម Meidi-ya Ginza ក្នុងតំបន់ផ្សារទំនើប Ginza នៃទីក្រុងតូក្យូ មានតម្លៃខ្ពស់បំផុតចំនួន៤២,១លានយ៉េន ឬ៣០មុឺនដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីនៅទីនោះបានបន្តនាំមុខគេក្នុងបញ្ជីរយៈពេល១៩ឆ្នាំជាប់ៗគ្នា៕ប្រភព: Kyodo News៕