ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសម៉ាឡេស៊ី អាចនឹងសម្រេចបានការលក់អចលនទ្រព្យ បានទំហំទឹកប្រាក់សរុបចំនួន២០០ពាន់លានរីងហ្គីត(ប្រហែល៤៦,៦៥ពាន់លានដុល្លារ) គិតត្រឹមដំណាច់ចុងឆ្នាំ២០២៤។ ការព្យាករណ៍នេះ មានកម្រិតខ្ពស់ជាងគោលដៅដើមចំនួន២ដង។
ជាក់ស្ដែង ក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងរដ្ឋបាលមូលដ្ឋាន (KPKT) បានដាក់ចេញគោលដៅ ក្នុងការជំរុញការលក់អចលនទ្រព្យ ឱ្យបានទំហំទឹកប្រាក់ចំនួន១០០ពាន់លានរីងហ្គីតប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៤នេះ។
ទោះជាយ៉ាងណា មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យជាតិ(Napic) បានរាយការណ៍ថា ទំហំប្រតិបត្តិការលក់អចលនទ្រព្យទូទាំងប្រទេសម៉ាឡេស៊ី សម្រេចបានទឹកប្រាក់ចំនួន១០៥,៦៥ពាន់លានរីងហ្គីត នៅឆមាសទី១ ឆ្នាំ២០២៤ កើនឡើង២៣,៨ភាគរយ ធៀបនឹងឆ្នាំមុន និងជាចំនួនមួយដ៏ខ្ពស់បំផុត មិនធ្លាប់ជួបប្រទះក្នុងរយៈពេល៥ឆ្នាំកន្លងមក។
មជ្ឈមណ្ឌល Napic បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីឆមាសទី១ ឆ្នាំ២០២៣ ការលក់អចលនទ្រព្យទូទាំងប្រទេសម៉ាឡេស៊ី សម្រេចបានទំហំទឹកប្រាក់ចំនួន៨៥,៣៧ពាន់លានរីងហ្គីត។
លោក Nga Kor Ming រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លំនៅដ្ឋាន និងរដ្ឋបាលមូលដ្ឋាន (KPKT) បានមានប្រសាសន៍ឱ្យដឹងថា ប្រសិនបើនិន្នាការវិជ្ជមាននេះ នៅតែបន្តកើតឡើង រដ្ឋាភិបាលអាចនឹងធ្វើបច្ចុប្បន្នភាព លើគោលដៅរបស់ខ្លួនឡើងវិញ។
លោកបានបញ្ជាក់ថា “ភាពរ៉ឹងមាំនៃវិស័យអចលនទ្រព្យពិតជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច ព្រោះវិស័យនេះមានឥទ្ធិពលដោយផ្ទាល់ ទៅលើវិស័យតូចៗចំនួន២០០ រួមមានទាំងការជួសជុល គ្រឿងសង្ហារឹម ការលក់រាយ និងសេវាកម្មធនាគារ”។
ទន្ទឹមនឹងនេះ លោក Nga បានប្រកាសថា ដើម្បីសម្រេចបានភាពជោគជ័យនាពេលអនាគត ក្រសួងកំពុងបង្កើតប្រព័ន្ធទិន្នន័យដ៏ធំមួយ សម្រាប់វិស័យអចលនទ្រព្យម៉ាឡេស៊ី។
គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអ្នកអភិវឌ្ឍន៍នឹងអាចចូលប្រើប្រាស់ប្រព័ន្ធទិន្នន័យនោះ ដែលអនុញ្ញាតឱ្យពួកគេអាចកំណត់ដឹងពីតំបន់ ដែលត្រូវការគម្រោងលំនៅដ្ឋាន កំណត់ប្រភេទផ្ទះ ដែលអតិថិជនត្រូវការ និងកំណត់តម្លៃផ្ទះបានសមស្រប។
គំនិតផ្តួចផ្តើមនេះនឹងធានាបានថា គម្រោងអចលនទ្រព្យរបស់អ្នកអភិវឌ្ឍន៍មានទិសដៅ ស្របតាមតម្រូវការជាក់ស្តែង ដើម្បីជួយទប់ស្កាត់ ឬបញ្ចៀសការកើនឡើង នៃការអភិវឌ្ឍន៍គម្រោង ដែលចំណាយទុនវិនិយោគអស់ច្រើន តែពុំអាចទទួលបានផលចំណេញមកវិញដូចការចង់បាន៕ប្រភព: NST Online ៕