តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងបន្តិចនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីធ្លាក់ចុះជាង៧% កាលពីសប្តាហ៍មុន ដោយសារការព្រួយបារម្ភអំពីការថយចុះនៃតម្រូវការប្រេងនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងលំដាប់កំពូលរបស់ពិភពលោក និងការថយចុះនៃក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងនៅតំបន់មជ្ឈឹមបូព៌ា។

តម្លៃប្រេងឆៅ Brent futuresបានកើនឡើង៨សេន ឬ០,១១% ដល់៧៣,១៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0120 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate futuresបានកើនឡើង១០សេន ឬ០,១៤% ដល់៦៩,៣២ដុល្លារក្នុងមួយបារ៉ែល។

ទោះជាយ៉ាងណាក្តី ជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានកើនឡើងកំដៅកាលពីចុងសប្តាហ៍មុន ខណៈអុីស្រាអែលបាប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងត្រៀមវាយប្រហារទីតាំងនានាក្នុងរដ្ឋធានីបេរូតនៃប្រទេសលីបង់ ដែលមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា។

ដោយឡែក នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងល្បឿនយឺតបំផុតមិនធ្លាប់ជួបប្រទះចាប់តាំងពីដើមឆ្នាំ២០២៣ ដែលជំរុញឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការថយចុះនៃតម្រូវការប្រេងឥន្ធនៈ៕