មន្រ្តីជាន់ខ្ពស់កម្ពុជាចូលរួមវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃ RCEP

        ដោយៈ ម៉ាលីនណា

        ប្រទេសចិនៈ លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងជាអ្នកចូលរួមគូសវាស ឯកសារកំណត់វិសាលភាពសម្រាប់ប្រើប្រាស់ ក្នុងការចរចាជំពូកស្តីពី វិនិយោគក្រោមកិច្ចព្រមព្រៀង​ RCEP កាលពីឆ្នាំ២០១១។

         លោកបានចូលរួមវេទិកានេះ ស្របពេលនៃដំណើរទស្សនកិច្ច ការងាររបស់លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

លោកសួន សុផល បានអញ្ជើញជាវាគ្មិនកិត្តិយសថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មនៃRCEP ក្នុងគោលបំណងចែករំលែក នូវទស្សនទាន ក៏ដូចជា បទពិសោធនៃការចរចាច្រើនជុំ រហូតដល់ឆ្នាំ២០១៤ ជាមួយវាគ្មិននៃប្រទេសហត្ថលេខី និងស​ហ​គមន៍ធុរកិច្ច ដែលបានចូលរួមពិព័រណ៍អន្តរជាតិចិន សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។

លោកអគ្គលេខាធិការរង បានគូសរំលេចអំពីសាវតារនៃការចរចា ក៏ដូចជាចំណុចពិសេសនៃជំពូកស្តីពី វិនិយោគបើធៀប នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់អំពីផ្លែផ្កា ដែលកម្ពុជាបាននិងកំពុងតែប្រមូលផល ពីកិច្ចព្រមព្រៀងដ៏មានឧត្តម ប្រយោជន៍មួយនេះដោយរាប់បញ្ចូល ប៉ុន្តែមិនកម្រិតត្រឹមសកម្មភាព ពាណិជ្ជកម្ម និងវិនិយោគ។

បន្ថែមពីនេះ លោកក៏បានឆ្លៀតយកឱកាស នៃវេទិកាខាងលើផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាពថ្មីនៃបរិស្ថានធុរកិច្ច ព្រមទាំងសក្តានុពល និងកាលានុវត្តន៍ភាពវិនិយោគ ទៅកាន់អ្នកចូលរួមផងដែរ។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីពហុភាគីដ៏ធំមួយ ក្នុងប្រវត្តិសហសម័យរបស់ពិភពលោក ដែលមានវិសាលភាព គ្របដណ្តប់ផលិតក្នុងស្រុកសរុប និងប្រជាជនសកលប្រមាណ៣០%៕