ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិ ដោយសារពត៌មាន Reuters បង្ហាញថា ក្រុមសេដ្ឋវិទូរាប់រយនាក់ មានសុទិដ្ឋិនិយមខ្ពស់ អំពីទស្សនវិស័យកំណើនសេដ្ឋកិច្ច ពិភពលោកនៅឆ្នាំនេះ និងឆ្នាំ២០២៥ខាងមុខ ប៉ុន្តែបញ្ហាអតិផរណានៅតែទាមទារការយកចិត្តទុកដាក់។
ធនាគារកណ្តាលធំៗភាគច្រើន នៅលើពិភពលោកបានទទួលជោគជ័យ ក្នុងការទប់ទល់នឹងការហក់ឡើង អត្រាអតិផរណាកាលពីឆ្នាំមុន តាមរយៈការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស។ ប៉ុន្តែភាពធន់នៃសេដ្ឋកិច្ចសកល ទីផ្សារការងាររឹងមាំ និងកំណើនប្រាក់ឈ្នួល បានបង្កហានិភ័យ និងអាចជំរុញឱ្យសម្ពាធតម្លៃទំនិញកើនឡើងជាថ្មីម្តងទៀត។
ការស្ទង់មតិបង្ហាញថា សេដ្ឋវិទូចំនួន១១៤រូប ក្នុងចំណោមសេដ្ឋវិទូសរុបទាំង២០២រូប បានលើកឡើងថា អតិផរណាអាចនឹងមានកម្រិតខ្ពស់ ជាងការព្យាករណ៍ពីមុនរបស់យើង ក្នុងរយៈពេលនៅសេសសល់ក្នុងឆ្នាំនេះ។
លោក James Rossiter ប្រធានយុទ្ធសាស្រ្តម៉ាក្រូសេដ្ឋកិច្ចពិភពលោកនៅក្រុមហ៊ុនTD Securities បានលើកឡើងថា “ហានិភ័យកំពុងកើនឡើង ជាពិសេសតម្លៃទំនិញស្នូលសកល ខណៈតម្លៃដឹកជញ្ជូន កំពុងស្ថិតកៀកនឹងកម្រិត ចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២២”។
នៅពេលសាកសួរថា តើអត្រាអតិផរណាស្នូលណាខ្លះនឹងមានភាពតានតឹងបំផុត សម្រាប់ឆ្នាំ២០២៤ សេដ្ឋវិទូចំនួន៥៦រូប បានឆ្លើយតបថា សេវាកម្ម កន្លែងស្នាក់នៅ និងការជួល។
សេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងកើនឡើង៣,១ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ បើធៀបនឹងការព្យាក រណ៍ក្នុងរង្វង់២,៩ភាគរយ និង៣ភាគរយ នៅក្នុងការស្ទង់មតិកាលពីខែមេសា។ តួលេខនេះ មានភាពប្រហាក់ប្រហែលនឹងការព្យាករណ៍ចុងក្រោយ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។
ប៉ុន្តែ ទោះបីជាទស្សនវិស័យ សេដ្ឋកិច្ចពិភពលោក មានសញ្ញាល្អប្រសើរឡើងយ៉ាងណាក្តី ក៏ធនាគារកណ្តាលជាច្រើន នៅតែត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអត្រាការប្រាក់យ៉ាងតិចបំផុតចំនួន២ដងនៅចុងឆ្នាំនេះ។
លោក Douglas Porter ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន BMO Capital Markets លើកឡើងថា “រឿងធំសំខាន់ស្ថិតនៅត្រង់ថា កំណើនសេដ្ឋកិច្ច នៅទូទាំងពិភពលោក អាចបន្តដំណើរការទៅមុខ ទោះជាប្រឈមមុខ នឹងភាពតានតឹងជាច្រើន និងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ក្នុងរយៈពេលពីរកន្លងមក”។
សុទិដ្ឋិនិយមទាំងនេះ ផ្ទុយស្រឡះពីការព្រួយបារម្ភ កាលពីដើមឆ្នាំ២០២៤ថា តើសេដ្ឋកិច្ចអាមេរិក នឹងអាចឆ្លងផុតការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ដោយរបៀបណា។ យ៉ាងណាមិញ ការព្រួយបារម្ភអំពីសេដ្ឋកិច្ចចិន នៅតែមានក្នុងគំនិតរបស់ក្រុមសេដ្ឋវិទូ។
ការស្ទង់មតិបានបង្ហាញទៀតថា ក្នុងចំណោមធនាគារកណ្តាលធំៗ ក្រុមសេដ្ឋវិទូរំពឹងថា ធនាគារកណ្តាលអាមេរិក (Federal Reserve) និងធនាគារកណ្តាលអង់គ្លេស (Bank of England) គ្រោងកាត់បន្ថយអត្រាការប្រាក់ចំនួន២ដង ក្នុងឆ្នាំនេះ ហើយធនាគារកណ្តាលអឺរ៉ុប(ECB) អាចនឹងកាត់បន្ថយអត្រាការប្រាក់ចំនួន៣ដង៕ប្រភព: Reuters៕