ដោយ: គង់ លាងហួរ
ម៉ានីល: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចអនុម័តផ្តល់ហិរញ្ញប្បទាន ប្រមាណ១,៧ពាន់លានដុល្លារអាមេរិក ដើម្បីជួយសាងសង់ផ្លូវល្បឿនលឿនមួយខ្សែ ស្ថិតនៅតាមបណ្តោយបឹងដ៏ធំបំផុត របស់ប្រទេសហ្វីលីពីន សំដៅលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ មានចម្ងាយចំនួន៣៧,៥គីឡូម៉ែត្រ ដែលនឹងត្រូវបានស្ថាបនាឡើង ឱ្យមានភាពធន់ខ្លាំងនឹងអាកាសធាតុ។ នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។
គម្រោងផ្លូវល្បឿនលឿន Laguna Lakeshore Road Network (LLRN) នេះមានគោលបំណងផ្តល់នូវមធ្យោបាយផ្លូវថ្នល់ ដែលមានភាពធន់បំផុត សម្រាប់បម្រើច្រករបៀងដឹកជញ្ជូន នៅភាគខាងត្បូង នៃទីក្រុងម៉ានីល និងកាត់បន្ថយពេលវេលាធ្វើដំណើរចំនួន២៥ភាគរយ រវាងតំបន់ Taguig ក្នុងទីក្រុងម៉ានីល និងទីក្រុង Calamba ក្នុងខេត្ត Laguna។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនថ្មីនេះ នឹងឆ្លងកាត់ផ្លូវទឹក ដែលហូរចូលទៅក្នុងបឹង Laguna ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងម៉ានីល។
គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនប្រហែល៣,៤៧លាននាក់ ដែលរស់នៅតាមបណ្តោយបឹង និងតំបន់ក្បែរនោះ ព្រមទាំងជួយដល់ការកែលម្អរ លទ្ធភាពទទួលបានទីផ្សារ និងសេវាសាធារណៈសម្រាប់ប្រជាជនហ្វីលីពីនផងដែរ។
ការគាំទ្ររបស់ធនាគារ ADB ដល់គម្រោងផ្លូវល្បឿនលឿន LLRN នឹងធ្វើឡើងតាមរយៈមធ្យោបាយ ផ្តល់ហិរញ្ញប្បទានពហុភាគី ដែលរួមមាន ការផ្តល់កម្ចីចំនួន២លើក ដោយប្រាក់កម្ចីលើកទីមួយមានចំនួន១,២ពាន់លានដុល្លារ និងប្រាក់កម្ចីលើកទីពីរមានចំនួន៥០៩,៥លានដុល្លារ៕ប្រភព:: Xinhua៕