ប្រតិភូខេត្តហ៊ូប៉ីចាប់អារម្មណ៍វិនិយោគលើវិស័យកសិកម្ម

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកប្រាក់​ ដាវីដ​ ទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ ជាមួយប្រតិភូខេត្តហ៊ូប៉ី​ ប្រទេសចិន ដែលចាប់អារម្មណ៍លើវិស័យកសិកម្ម។

នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុននេះ​ លោករដ្ឋលេខា​ធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយ​ និងស្វាគមន៍​ចំពោះគណៈប្រតិភូចិន ក្នុងការចាប់អារម្មណ៍ ក្នុងវិស័យកសិ​កម្មកម្ពុជា។​

លើសពីនេះ​ លោកប្រាក់ ដាវីតបានបញ្ជាក់បន្ថែមថា​ កម្ពុជាបើកទូលាយសម្រាប់អ្នកវិនិយោគ​ ដែលចង់វិនិយោគលើការកែច្នៃ​ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ​ ហើយកម្ពុជាមានកសិផល សក្តានុពលជាច្រើនដូចជា​ ស្រូវអង្ករ​ ស្វាយ​ ស្វាយចន្ទី​ មៀន​ ចេកជាដើម។

លោកស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម​ នៃការបង្កើតសួនកសិ-ឧស្សា​ហកម្ម​ ដែលជំរុញការកែច្នៃកសិផលកម្ពុជា​ សម្រាប់ទីផ្សារក្នុងស្រុក​ និងការនាំចេញ​ ហើយក្រសួងនឹងជួយគាំទ្រ លក្ខណ:ផ្លូវច្បាប់​ និងបច្ចេកទេស។

សម្រាប់កិច្ចសហប្រតិបត្តិការ សិក្សាស្រាវជ្រាវ​ លោករដ្ឋលេខាធិការ​ បានណែនាំឱ្យគណៈប្រតិភូចិន​ សិក្សាឱ្យច្បាស់​លាស់​ និងគ្រប់ជ្រុងជ្រោយ​ ពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលសមស្របនឹងស្ថានភាពប្រទេសកម្ពុជា ជាពិសេសត្រូវមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ​ ដែលអាចជួយកសិករទទួលបានភាពចំនេញ​ និងតម្លៃបន្ថែមខ្ពស់។

គោលបំណងនៃកិច្ចប្រជុំនេះ​ គឺពិភាក្សាយុទ្ធសាស្រ្តអភិវ​ឌ្ឍ​វិស័យកសិកម្ម​ និងពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ​ ជាពិសេស​ជំរុញការស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្ត​ និងបច្ចេកវិទ្យាកសិកម្ម៕