ប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ពិភាក្សាលើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនៅកម្ពុជា

ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd ដឹកនាំដោយ លោក Dr. Dennis Ganendra នាយកប្រតិបត្តិក្រុមហ៊ុននិងមន្រ្តីពាក់ព័ន្ឋ។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធភាពក្នុងការសិក្សាស្វែងយល់ ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យមានភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាសិក្សាឱកាសវិនិយោគបន្ថែមទៀត លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ផ្លូវដែក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជាផងដែរ។

គណៈប្រតិភូក្រុមហ៊ុន Minconsult Sdn Bhd បានបង្ហាញចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងបានជម្រាបជូនអំពីលទ្ធផលការងាររបស់ខ្លួន ក្នុងនាមជាអ្នកត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេស លើគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលកំពុងបើកដំណើរការនាពេលបច្ចុប្បន្ន និងការងារនានា លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលក្រុមហ៊ុនបានអនុវត្តកន្លងមក។

លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីបច្ចុ ប្បន្នភាពទាក់ទង នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា និងគម្រោងសំខាន់ៗមួយចំនួន ក៏ដូចជា ដើម្បីជួយឱ្យក្រុមហ៊ុនបានស្វែងយល់អំពីកាលានុវត្តភាព នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា សំដៅចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត៕