ដោយ៖ប្រសិទ្ធ
ក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia water security improvement project) នឹងធ្វើឲ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២១ មិថុនាថា៖ គម្រោងនេះនឹងជួយប្រទេសកម្ពុជាឲ្យមានសន្តិសុខទឹក ប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន។លោកស្រីមានប្រសាសន៍បន្ថែមថា ការវិនិយោគនៅពេលនេះ ទៅលើភាពធន់ទៅនឹងអាកាសធាតុ ការធ្វើផែនការនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែប្រសើរឡើង មិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗ ទៅនឹងតម្រូវការទឹករបស់កសិករនិងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្ដល់សេវាទឹករយៈពេលវែងផងដែរ។
ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុងប្រទេស បានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹក នៅទីក្រុងនិងនៅតាមទីជនបទ។ ការព្យាករអាកាសធាតុបានឲ្យដឹងថា ទឹកជំនន់និងភាពគ្រោះរាំងស្ងួត និងមានកាន់តែញឹកញាប់និងសភាពកាន់តែធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែខ្លាំងទៅលើសមត្ថភាពរបស់ប្រទេស ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហានេះនឹងជះឥទ្ធិពលទៅលើផលិតកម្មស្បៀង និងកំណើនសេដ្ឋកិច្ច។
គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ៥ឆ្នាំ ដោយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងនិងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានភាពជលសាស្ត្រ,ការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទបញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពីអាកាសធាតុ និងការពង្រឹងការបំពេញមុខងាររបស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្ត។
ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារនិងប្រព័ន្ធធារាសាស្ត្រ និងត្រូវបានស្ដារឡើងវិញ និងកែលម្អឲ្យប្រសើរឡើងហើយសហគមន៍កសិករអ្នកប្រើប្រាស់ទឹកនិងទទួលបានការបណ្ដុះបណ្ដាល និងជំនួយបច្ចេកទេសតាមរយៈគម្រោងសម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានកែលម្អឡើងវិញ។ តាមរយៈមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ និងថ្នាក់ខេត្ត វិធានការនានានិងត្រូវធ្វើឡើងដើម្បីជួយកសិករឲ្យចេះចាប់យកបច្ចេកវិទ្យាឆ្លាតវៃអាកាសធាតុ សម្រាប់បង្កើនផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងវិស័យកសិកម្ម៕