កម្ពុជា សឹង្ហបុរីដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ

ដោយៈគង់ ម៉ាលីនណា
សឹង្ហបុរីៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Leong Sing Chiong នាយករងគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី។

ពិធីនេះបានប្រារពធ្វើនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ISTANA នៃប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការគម្រោងថ្នាល FTC នេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

គម្រោងថ្នាល FTC ជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់បង្កើតកិច្ចព្រមព្រៀងជាមុន រវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានិងសិង្ហបុរី ដើម្បីមានលទ្ធភាពប្រើប្រាស់ទិន្នន័យ សហគ្រាសធុនតូច និងមធ្យមនៅប្រទេសទាំងពីរ ក្នុងការវាយតម្លៃឥណទានឱ្យបានប្រសើរជាងមុន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងប្រើប្រាស់សេវាហិរញ្ញវត្ថុឆ្លងដែនទ្វេភាគី៕