សម្តេចធិបតីអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅចំណុចមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ២ នៅថ្ងៃនេះ

ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុបាននឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ស្ពានអាកាសស្ថិតនៅចំណុចប្រសព្វរវាងផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាលម្ចាស់គម្រោង គឺរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគ ទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយះពេលសាងសង់ចំនួន១២ខែ។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្ដោយស្ពានសរុប ប្រវែង៦២២ម៉ែត្រ, បណ្ដោយតួស្ពាន២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពាន ទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពាន ទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ១៦១ម៉ែត្រ។

ស្ពានទី១ ជាផ្លូវឯកទិសមានទិសដៅ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ចំណែកស្ពានទី២ ជាផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។
ទម្ងន់ផ្ទុកអនុញ្ញាត២៥តោន កម្ពស់សុវត្ថិភាព ៥.៥០ម៉ែត្រ (ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២)៕