តើការរស់នៅក្នុងអគារខ្ពស់ជាងគេលើពិភពលោក Burj Khalifaត្រូវចំណាយប្រាក់ចំនួនប៉ុន្មាន?

ដោយ: គង់ លាងហួរ
អន្តរជាតិ: អគារ Burj Khalifa គឺជាអគារខ្ពស់ជាងគេបង្អស់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ អគារនេះមានកម្ពស់ជាង៨២៨ម៉ែត្រ ដែលស្ថិតនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE)។

អាផាតម៉ិន ដែលមានបន្ទប់គេងចំនួន១នៅអគារ Burj Khalifa ត្រូវបានដាក់លក់ ក្នុងតម្លៃចាប់ពី០,៥៥ ទៅ១,០៩លានដុល្លារ។ រីឯ ការជួលវិញ មានតម្លៃចាប់ពី៤.០៨៥ ដល់៦.៨១០ដុល្លារក្នុងមួយខែ។

ចំណែក តម្លៃអាផាតម៉ិន ដែលមានបន្ទប់គេងចំនួនពីរអាចហក់ឡើងដល់១,៩លានដុល្លារ ខណៈដែលតម្លៃអាផាតម៉ិន ដែលមានបន្ទប់ចំនួន៣ នៅអគារខ្ពស់កប់ពពកមួយនេះ អាចហក់ឡើងដល់ ៣,៣ លានដុល្លារ។

លើសពីនេះទៀត របស់របរប្រើប្រាស់ចាំបាច់ផ្សេងៗ រួមទាំងអគ្គិសនី ទឹក និងម៉ាស៊ីនត្រជាក់ ជាធម្មតា មានតម្លៃប្រហែល១.៦៣០ដុល្លារអាមេរិកក្នុងមួយខែ។

ម្យ៉ាងវិញទៀត អ្នករស់នៅក្នុងអគារនេះ ក៏ត្រូវបង់ថ្លៃសេវាប្រចាំឆ្នាំចំនួន១៦,៣៥ដុល្លារ ទៅដល់១៩,១ដុល្លារ ដែលគ្របដណ្តប់លើការថែទាំ សន្តិសុខ និងគ្រឿងបរិក្ខារផ្សេងទៀត ដូចជា កន្លែងហាត់ប្រាណ និងអាងហែលទឹកជាដើម។

យោងតាមសារពត៌មាន Khaleej Times បានរាយការណ៍ថា អគារ Burj Khalifa នេះគឺជាផ្នែកមួយ នៃមជ្ឈមណ្ឌលទេសចរណ៍ Downtown Dubai ដែលជាទីតាំង ឬបណ្តុំអចលនទ្រព្យលំនៅដ្ឋានប្រណីតៗ ក្នុងទីក្រុងឌូបៃសម្រាប់ក្រុមអ្នកមាន។

ចាប់តាំងពីបានបើកដំណើរការ នៅឆ្នាំ២០១០មក ការលក់ផ្ទះសរុបនៅក្នុងអគារ Burj Khalifa មានទំហំទឹកប្រាក់ចំនួន ២,៦៧ ពាន់ លានដុល្លារ ដោយក្នុងនោះផ្ទះដ៏ថ្លៃបំផុត ដែលត្រូវបានលក់ចេញកាលពីឆ្នាំមុន មានតម្លៃ៤,០៨លានដុល្លារ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank៕ប្រភព:Vnexpress៕