សិង្ហបុរីកំពុងចាប់ផ្តើមការអភិវឌ្ឍន៍រមណីយដ្ឋានកាស៊ីណូដំណាក់កាលទី២ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អ្នកមាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសសិង្ហបុរី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំងផ្នែកទេសចរណ៍ និងទិដ្ឋភាពវប្បធម៌ដ៏រស់រវើក កំពុងចាប់ផ្តើមការអភិវឌ្ឍន៍ គម្រោងរមណីយដ្ឋានកាស៊ីណូ ដ៏មានមហិច្ឆតារបស់ខ្លួនក្នុងដំណាក់កាលទី២។


គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១ ដែលបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១០ រួមមាន រមណីយដ្ឋានកាស៊ីណូចំនួន២គឺ រមណីយដ្ឋាន Marina Bay Sands និងរមណីយដ្ឋាន Resorts World Sentosa។


ចាប់តាំងពីឆ្នាំ២០១០មក រមណីយដ្ឋានទាំង២នេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ដោយទាក់ទាញបានអ្នកទស្សនារាប់លាននាក់ក្នុងមួយឆ្នាំៗ។


បើក្រឡេកមកកាន់ឆ្នាំ២០២៤នេះវិញ គម្រោងអភិវឌ្ឍន៍ក្នុងដំណាក់កាលទី២ នឹងផ្តោតលើការពង្រីក និងពង្រឹងរមណីយដ្ឋានដែលមានស្រាប់ ព្រមទាំងបង្ហាញពីលក្ខណៈពិសេស និងភាពទាក់ទាញថ្មីៗទៅកាន់ពិភពលោក ដើម្បីពង្រឹងឋានៈរបស់ប្រទេសសិង្ហបុរី ក្នុងនាមជាគោលដៅទេសចរណ៍លំដាប់កំពូល។


ការពង្រីករមណីយដ្ឋាន Marina Bay Sands គឺជាចំណុចដ៏សំខាន់មួយ នៃការអភិវឌ្ឍន៍ដំណាក់កាលទី២។ សិង្ហបុរីគ្រោងពង្រីកសក្តានុពល របស់រមណីយដ្ឋានដ៏ល្បីល្បាញមួយនេះ តាមរយៈការផ្គត់ផ្គង់បន្ទប់សណ្ឋាគារបន្ថែមទៀត ជម្រើសអាហារ កន្លែងកម្សាន្តថ្មីៗ និងបទពិសោធន៍ទិញទំនិញ ដែលការណ៍នេះ នឹងជួយទាក់ទាញភ្ញៀវទេសចរណ៍លំដាប់ខ្ពស់ កាន់តែច្រើនចូលមកកាន់ប្រទេសសិង្ហបុរី។


ចំណែកឯ គម្រោងពង្រីករមណីយដ្ឋាន Resorts World Sentosa គ្រោងនឹងបង្ហាញជម្រើសដ៏គួរឱ្យទាក់ទាញនានា ដូចជា ការបង្ហាញកម្មវិធី Show ផ្សេងៗ ការទិញទំនិញ ជម្រើសអាហារ និងជម្រើសកម្សាន្តថ្មីៗ ដើម្បីបំពេញបន្ថែមពីលើការផ្តល់ជូន ដែលមានស្រាប់។


បន្ថែមពីលើការពង្រីករមណីយដ្ឋាន ដែលមានស្រាប់ គម្រោងអភិវឌ្ឍន៍ដំណាក់កាលទី២នេះ ក៏គ្រោងនឹងរួមបញ្ចូលផងដែរនូវការដាក់ឱ្យដំណើរការ រមណីយដ្ឋានកាស៊ីណូថ្មីនៅលើកោះ Sentosa ។


រមណីយដ្ឋានថ្មីនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមប្រកួតប្រជែងជាមួយរមណីយដ្ឋាន Marina Bay Sands និងរមណីយដ្ឋាន Resorts World Sentosa ដោយសារតែភាពប្រណីត និងភាពអស្ចារ្យ។ រមណីយដ្ឋានថ្មីក៏នឹងផ្តល់ជូន នូវបទពិសោធន៍លេងហ្គេមដ៏ពិសេសមួយសម្រាប់ភ្ញៀវ ដែលចង់សាកល្បង សំណាងរបស់ពួកគេផងដែរ៕

ប្រភព: CocoaDocs.org