រដ្ឋាភិបាលម៉ាឡេស៊ីប្រកាសដោះស្រាយគម្រោងលំនៅដ្ឋានឯកជនដែលគេបោះបង់ចោលនៅទូទាំងប្រទេស

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលម៉ាឡេស៊ីបានអះអាងថា ខ្លួននឹងផ្តល់អាទិភាព ដល់ការដោះស្រាយបញ្ហាគម្រោងលំនៅដ្ឋានឯកជន ដែលត្រូវបានបោះបង់ចោល ដោយគ្មានអាជ្ញាប័ណ្ណ រួមទាំងសហការជាមួយភាគីពាក់ព័ន្ធផងដែរ។


យោងតាមលោកស្រី Datuk Aiman Athirah Sabu អនុរដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន និងរដ្ឋបាលក្នុងតំបន់ បានឱ្យដឹងថា បច្ចុប្បន្ន គម្រោងលំនៅដ្ឋានឯកជន ដែលត្រូវបានគេបោះបង់ចោលនៅក្នុងប្រទេសម៉ាឡេស៊ី មានសរុបចំនួន១៧៥គម្រោង ដែលសុទ្ធសឹងតែគ្មានអាជ្ញាប័ណ្ណ។


លោកស្រីបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា “ក្រសួងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ហើយយើងនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយ បញ្ហាគម្រោងលំនៅដ្ឋានឯកជន ដែលត្រូវបានបោះបង់ចោលនៅទូទាំងប្រទេស”។


គម្រោងលំនៅដ្ឋានឯកជន ដែលគ្មានអាជ្ញាប័ណ្ណ នៅក្នុងប្រទេសម៉ាឡេស៊ី គឺជាប្រភេទគម្រោង ដែលត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ដែលមិនទទួលបានលិខិតអនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្ម និងពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីនាយកដ្ឋានលំនៅដ្ឋានជាតិ។


ទន្ទឹមនឹងនេះ លោកស្រី Aiman បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំដំបូងដើមឆ្នាំនេះ ក្រសួងបានស្តារឡើងវិញដោយជោគជ័យ នូវលំនៅដ្ឋានឯកជនចំនួន២០.៤៨៩យូនីត ក្នុងគម្រោងចំនួន១៧៧គម្រោង ដែលមានតម្លៃសរុប ចំនួន ១៤,៨៩ពាន់លានរីងហ្គីត។


ក្នុងចំណោមគម្រោងទាំង១៧៧គម្រោងនេះ ក្នុងនោះរួមមាន គម្រោងចំនួន១៦៣គម្រោង ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការបញ្ចប់ និងភាពអនុលោម (CCC) ។ រីឯ គម្រោងចំនួន១១គម្រោងផ្សេងទៀត ត្រូវបានបើកដំណើរការសាងសង់ឡើងវិញដោយរលូន ខណៈគម្រោងចំនួន៣ទៀតត្រូវបានបោះបង់ចោលជាស្ថាពរតែម្តង៕ប្រភព: The edge malaysia៕