សិក្សាពីព្រព័ន្ឋដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាថាតើមានសក្តានុពលបែបណា?

ដោយៈ ហ្វីអូណា
ភ្នំពេញៈ កម្ពុជាមានអូរ ព្រែក ស្ទឹង ទន្លេរ ហូរកាត់ខ្វាត់ខ្វែងដែលជាប្រភពនៃការដឹកជញ្ជូនផ្លូវទឹក និងសម្រួលដល់ជីវភាពរបស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងសំខាន់ និងមិនអាចខ្វះបាន។

យោងតាមឯកសារបានបង្ហាញថា ផ្លូវទឹកដែលអាចធ្វើនាវាចរបានមានប្រវែង១៧៥០គីឡូម៉ែត្រ ក្នុងនោះទន្លេមេគង្គមានចំណែក ៣០% ទន្លេរសាប និងបឹងទន្លេសាបប្រហែល១៥% ទន្លេរបាសាក់៥% និងផ្លូវទឹកផ្សេងទៀតប្រហែល៥០%។ ប៉ុន្តែនារដូវប្រាំងផ្លូវនាវាចរណ៍ មានប្រវែងសរុបត្រឹមតែ៥៨០គីឡូម៉ែត្រ ដែលនេះបង្ហាញនូវភាពប្រែប្រួលដ៏គួរឱ្យកត់សម្គាល់។

រដ្ឋាភិបាលបានកំពុងជំរុញ ការអភិវឌ្ឍកំពង់ផែតាមដងទន្លេរ ខណៈដែលការដឹកជញ្ជូនតាមផ្លូវទឹក មានសារសំខាន់ណាស់ ដោយមានភាពចំណេញច្រើន តាមរយៈការដឹកបានច្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ និងកាត់បន្ថយការខូចខាតផ្លូវថ្នល់ ចូលរួមជំរុញកំណើនសេដ្ឋកិច្ច។

យោងតាមឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាបានបង្ហាញថា កម្ពុជាមានកំពង់ផែទន្លេសំខាន់ៗចំនួន១៩ រួមមាន៖ (១) ផែរណបពហុបំណងទន្លេបិទ (UM2), (២) ផែក្រចេះ, (៣) ផែស្ទឹងត្រែង, (៤) ផែសៀមរាប, (៥) ផែបាត់ដំបង, (៦) ផែពោធិ៍សាត់, (៧) ផែកំពង់ឆ្នាំង, (៨) ផែពហុបំណង (TS3), (៩) ផែអ្នកដំណើរ និងទេសចរណ៍ (TS1), (១០) ផែរណបពហុបំណង (TS11) ស្ថិតនៅរាជធានីភ្នំពេញ, (១១) ផែកុងតឺន័រថ្មី LM17, (១២) ។

ផែព្រែកអញ្ចាញ (UM1) នៅខេត្តកណ្តាល, (១៣) ផៃកោះរកា (LM26) នៅខេត្តព្រៃវែង, (១៤) ផែព្រែកក្ដាម, (១៥) ផែបឹងកេត, (១៦) ផៃអូស្មាច់, (១៧) ផែកំពង់លែង, (១៨) ផែមេគង្គ, និង (១៩) ផែសុវណ្ណភូមិ ព្រមទាំងចំណតផែទេសចរណ៍ និងចំណតផែប្រេងឧស្ម័នរបស់ក្រុមហ៊ុនឯកជនមួយចំនួនទៀត។

យ៉ាងណាមិញ ដោយសារការប្រែប្រួលនៃកម្ពស់ទឹក តាមរដូវ និងគន្លងផ្លូវខ្លះ មិនអាចឱ្យនាវាចរាចរណ៍បានដោយរលូន ផ្លូវនាវាចរណ៍មួយភាគធំ មិនអាចឱ្យនាវាចំណុះ១០០០តោន ឆ្លងកាត់ពេញមួយឆ្នាំបានឡើយ។

ជាក់ស្ដែង គន្លងផ្លូវខ្លះនៃតំបន់បឹងទន្លេសាប និងទីតាំងភ្ជាប់ជាមួយទន្លេសាប (ចំណុចប្រសព្វរវាងខេត្តក្រចេះ និងស្ទឹងត្រែង) ព្រមទាំងគន្លងនៃទន្លេរមេគង្គ ភ្ជាប់ទៅប្រទេស វៀតណាម ដែលជម្រៅទឹកមិនជ្រៅគ្រប់គ្រាន់ និងបង្កផលលំបាកដល់នាវាចំណុះធ្ងន់ឆ្លងកាត់។ បន្ថែមលើសពីនេះទៀត លក្ខខណ្ឌនាវាចរតាមព្រំដែនកម្ពុជា-ឡាវ មិនអំណោយផលដោយសារកម្ពស់ទឹក មានភាពខុសគ្នាខ្លាំង ដែលរារាំងដល់ការអភិវឌ្ឍការដឹកជញ្ជូន តាមផ្លូវទឹករវាងប្រទេសទាំងពីរ។

ប្រឈមនឹងកត្តាធម្មជាតិ បូករួមទាំងថ្លៃដឹកជញ្ជូនខ្ពស់ និងសកម្មភាពដឹកជញ្ជូននៅតិច ការទាញយកអត្ថប្រយោជន៍ពីការដឹកជញ្ជូនតាមផ្លូវទឹកទន្លរបស់កម្ពុជា ឱ្យអស់សក្តានុពល តម្រូវឱ្យមានការវិយោគបន្ថែមឱ្យបានច្រើន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
រដ្ឋាភិបាលកម្ពុជា ក៏ទើបប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពី “ការដឹកជញ្ជូនតាមផ្លូវទឹក”។

ច្បាប់នេះកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹកព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕