ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ពិ ភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគ ក្នុងវិស័យឧស្សាហកម្ម, បច្ចេកវិទ្យា, អេឡិចត្រូនិច និងសុខាភិបាល ដើម្បីសិក្សាស្វែងយល់ពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពវិនិយោគ ព្រមទាំងព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិពាក់ព័ន្ធនៅកម្ពុជា។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកសួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគក្រុមហ៊ុន Far East Trade Service Inc (FETS) តំណាងដោយលោក Lourence Lo ប្រធានក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងសិក្សាស្វែងយល់ ពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពវិនិយោគ ព្រមទាំងព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិពាក់ព័ន្ធនៅកម្ពុជា។
ក្នុងជំនួបនោះ លោកសួន សុផល បានថ្លែងអំណរគុណជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលា អញ្ជើញមកកម្ពុជាដើម្បីសិក្សាស្វែងយល់បន្ថែម អំពីឱកាសវិនិយោគលើវិស័យខាងលើ សំដៅប្រមូលព័ត៌មានឱ្យកាន់តែជាក់លាក់ និងគ្រប់ជ្រុងជ្រោយ មុននឹងសម្រេចចិត្តក្នុងការបណ្តាក់ទុននៅកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានជម្រាបជូន ដោយសង្ខេបអំពីច្បាប់និងបទប្បញ្ញត្តិ កញ្ចប់លើកទឹកចិត្តប្រកបដោយភាពឆ្លាតវៃ ជាពិសេសសេវាការថែទាំវិនិយោគ ដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមពីនេះ លោកសួន សុផលក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុចិន (China Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាននិងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន។
លោកបានលើកឡើងអំពីផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍន៍វិស័យយានយន្ដនិងអេឡិចត្រូនិកនៅកម្ពុជា ដែលជាឧបករណ៍ សម្រាប់វិនិយោគិនក្នុងការស្វែងយល់ អំពីសក្ដានុពលរបស់វិស័យយានយន្ត និងអេឡិចត្រូនិក ក្នុងបរិកបទនៃការអភិវឌ្ឍនៅកម្ពុជា, បញ្ហាប្រឈមនិងវិធានការគន្លឹះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ៕