កម្ពុជាបង្កើតតុវិនិយោគលើវិស័យកសិ-ចំណីអាហារដើម្បីលើកកំពស់វិស័យនេះ

      ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោកជា វុទ្ឋី បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួង នៃតុវិនិយោគកសិ-ចំណីអាហារ (AFID)។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនភាពស្និទ្ធស្នាល រវាងក្រុមការងារអន្តរក្រសួង ស្ថាប័ន និងលេខាធិការដ្ឋាន។

មានមតិក្នុងកិច្ចប្រជុំខាងលើ លោកជា វុទ្ឋី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ក្រុមការងារ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារអន្តរក្រសួង នៃតុវិនិយោគកសិ- ចំណីអាហារកាលពីត្រីមាសទី១ នៃឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកបានកត់សម្គាល់អំពីភាពរឹងមាំ និងការរួមចំណែកយ៉ាងសំខាន់ នៃវិស័យកសិកម្ម ក្នុងការបន្ធូរបន្ថយភាពតាន​តឹងផ្នែកសេដ្ឋកិច្ច ជាពិសេសធានាបាននូវសន្តិសុខស្បៀង, បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណានៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោក ជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលដល់ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។

លោកជា វុទ្ឋីបានសម្តែងសុទិដ្ឋិនិយមថា ក្រុមការងារបន្ដសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីអនុវត្តភារកិច្ចដែលបានប្រគល់ជូន សំ​ដៅរុញច្រានតុវិនិយោគកសិ -ចំណីអាហារឱ្យកាន់តែមានភាពសកម្មជាងមុន និងចូលរួមចំណែកដល់ការជួយពង្រឹង និងពង្រីកមូលដ្ឋានរបស់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងកាន់តែមានភាពធន់។

AFID ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមកម្មវិធីខ្សែច្រវាក់ តម្លៃកសិកម្មកម្ពុជា-អូស្ដ្រាលី (CAVAC II) ក្នុងគោលបំណងជំរុញវិនិយោគ ក្នុងវិស័យកសិ-ចំណីអាហារជាអាទិភាព ដើម្បីរួមចំណែកដល់ការរក្សាបាននូវសុវត្ថិភាព ម្ហូបអាហារ, បង្កើ​តការងារមានតម្លៃបន្ថែមកាន់តែខ្ពស់ និងកំណើនសេដ្ឋកិច្ចប្រកបដោ​យចីរភាព៕