ដោយៈ ម៉ាលីនណា
ភ្នំពេញ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកយឹម លាត និងលោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាគ្នាក្នុងគោលបំណង រៀបចំកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
អង្គប្រជុំបានពិភាក្សាអំពីផែនការ សកម្មភាពរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងវិធានការនិងគោលនយោបាយ ដែលក្រសួងពាណិជ្ជកម្មអាចអនុវត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។
លោកយឹម លាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការតម្រូវឱ្យមានបិទស្លាកតម្លៃទំនិញ នៅតាមហាងទំនិញនានា ជាប្រាក់រៀល។
លោកបញ្ជាក់បន្ថែមថា “ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវមធ្យោបាយទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការរួមចំណែកដល់ការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់ នៅក្នុងពាណិជ្ជកម្មជារួម ប្រព្រឹត្តទៅដោយប្រសិទ្ធភាព”។
ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ទាមទារឱ្យមានកិច្ចសហការ និងសម្របម្រួលពីអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម គឺជាក្រសួងគន្លឹះមួយផងដែរ៕