អ្នកជំនាញយល់ដូចម្តេចបន្ទាប់ពីបានដឹងពី NBC ទាក់ទងនឹងកំនើនវិស័យសំណង់ និងអចលនទ្រព្យ?

ដោយៈ និម្មល រ័ត្ន
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ជាក់ថា វិស័យសំណង់ និងអចលនទ្រព្យ ដែលបានទទួលរងឥទ្ធិពលពីវិបត្តិកន្លមក ត្រូវបានព្យាករថានឹងបន្តមានកំណើនទាប។

របាយការណ៍NBC និងការលើកឡើងរបស់អ្នកជំនាញបែបណាទាក់ទងវិស័យអចលនទ្រព្យ

យោងតាមទស្សនវិស័យ និងទិសដៅការងារឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជាបានព្យាករថា តម្រូវការសំណង់ប្រណីត ដែលបម្រើដល់អនិវាសនជន ក៏ត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ ។ ការងើបឡើងទន់ខ្សោយនៃវិស័យសំណង់ និងការថយចុះតម្រូវការ ក្នុងវិស័យអចលនទ្រព្យ ជាផ្នែកមួយ នៃការប្រឈមនៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០២៤នេះ។

របាយការណ៍ដដែលបានឲ្យដឹងថា កំណើនទាបជាងការរំពឹងទុកនៃសេដ្ឋកិច្ច ប្រទេសជាដៃគូសេដ្ឋកិច្ចចម្បងៗរបស់ម្ពុជា ដូចជាប្រទេសចិន ប្រទេសអាមេរិក និងអឺរ៉ុប ដែលអាចប៉ះពាល់ដល់ការវិនិយោគតម្រូវការ សម្រាប់នាំចេញវិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យផងដែរ ស្របនឹងកម្ពុជានៅតែបន្តពឹងលើការវិនិយោគពីវិនិយោគិនក្រៅប្រទេស។

NBC បានបញ្ជាក់ថា “រាជរដ្ឋាភិបាលបាននលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យអចលនទ្រព្យ ជូនអតិថិជនដែលជួបប្រទះ នឹងការលំបាកផ្នែកហិរញ្ញវត្ថុបណ្ដោះអាសន្ន ដោយត្រូវគោរពតាមបទប្បញ្ញត្តិ ដែលមានជាធរមាន”។

អ្នកជំនាញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានបញ្ចេញទស្សនស្រដៀងគ្នាផងដែរថា ការវិនិយោគនៅមានកំណើនទាប មិនទាន់ដូចនឹងមុនគ្រាដែលពិភពលោក និងកម្ពុជាជួបវិបត្តិកូវីដ១៩នោះទេ ប៉ុន្តែបើធៀបនឹងឆ្នាំ២០២១- ឆ្នាំ២០២២ និងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះគឺមានភាពប្រសើរ។

អ្នកនាង គឹម គិនកេសា នាយិកាគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ឆ្នាំ២០២៤នេះ ជាពេលវេលាដែលត្រូវស្វែងរកអ្នកទិញអចលនទ្រព្យ ដូចជា ខុនដូ អាផាតមិន ផ្សារទំនើបជាដើម ពីព្រោះថាវិស័យសំណង់ និងអចលនទ្រព្យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពោលគឺមុនពេលមានវិបត្តិ ការផ្គត់ផ្គត់លើសតម្រូវការ។ ដូច្នេះក្នុងឆ្នាំនេះ គឺទាមទារស្វែងរកអ្នកមានតម្រូវការ ជាជាងអ្នកផ្គត់ផ្គង់ ។

អ្នកនាងបានគាំទ្រទៅលើរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយថា ឆ្នាំនេះ វិស័យអចលនទ្រព្យនិងសំណង់ នឹងមានកំណើនទាបដដែល ដោយមិនទាន់អាចកើនឡើងខ្ពស់បានទេ ។

អ្នកនាងកេសាបញ្ជាក់ថា “វិស័យនេះត្រូវការរយៈពេល២ទៅ៣ឆ្នាំទៀត ទើបអាចមានស្ថានភាពវិលទៅរក ស្ថានភាពមុនកូវីដ១៩វិញ “។

ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោកយិន លាងគង់ បានមានប្រសាសន៍ថា ការងើបឡើងវិញខ្យោយរបស់វស័យនេះ មិនមានអ្វីប្លែកនោះទេ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដោយសារជំងឺកូវីដ១៩ សង្រ្គាមរុស្ស៊ី អ៊ុយក្រែន និងសង្រ្គាមរវាងអ៊ីស្រ្តាអ៊ែល និងក្រុមហាម៉ាស បាននិងកំពុងបន្តអូសបន្លាយ នេះនិយាយជារួម ប៉ុន្តែនិយាយដោយឡែកវិស័យនេះនៅកម្ពុជាបានរងផលប៉ះពាល់រយៈពេលជិត៥ឆ្នាំមកហើយ ហេតុនេះការងើបឡើងវិញរបស់វិស័យនេះ ត្រូវការពេលវេលាច្រើន។

លោកបន្តថា “ការជម្រុញឲ្យវិស័យនេះងើបឡើងវិញ ទាមទារឲ្យមានលំហូរទុនវិនិយោគពីបរទេស ដែលទីផ្សារត្រូវការធ្វើពិពិធកម្មដោយងាកចេញពីការពឹងផ្អែកប្រទេសចិន”។ លោកបន្តថា “ការពឹងផ្អែកប្រទេសចិន ដើម្បីស្រោចស្រង់វិស័យនេះ ហាក់ហួសពេលហើយ ហេតុនេះ រដ្ឋាភិបាលត្រូវពង្រីកការទាក់ទាញទីផ្សារ ពីប្រទេសផ្សេង តាមរយៈការដាក់ចេញគោលនយោបាយថ្មីៗ ដើម្បីលើកទឹកចិត្តអ្នកវិនិយោបរទេស ពិសេសការធ្វើឲ្យបរិយាកាសវិនិយោគ ឲ្យកាន់តែប្រសើរឡើង”។

លោកយិន លាងគង់ បានបញ្ជាក់ថា បញ្ហាការិយាធិបតេយ្យនៅក្នុងវិស័យនេះ នៅតែបន្តអ័ព្ទអួរ ដែលបាននិងកំពុងរំខានដល់អារម្មណ៍អ្នកអភិវឌ្ឍន៍ក្នុងស្រុក និងបរទេស៕

ផ្ដល់សិទ្ធិដោយ: Property Area